សិល្បៈ និង កម្សាន្ត

តារាកំប្លែងនាយ តាក់ ស៊ី ដែលល្បីថា ឡើងជាថៅការ៉ាស់​ លក់រថយន្ត និងដីឡូតិ៍ ឥលូវនេះស្រាប់តែធ្លាក់ខ្លួន រកលុយបង់ផ្ទះជួល ១ខែ ៦០ដុល្លារមិនចង់បានផង

ភ្នំពេញ៖ លោក ប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាតារាកំប្លែងដ៏មាន ប្រជាប្រិយភាពម្នាក់ នៅក្នុងក្រុមកំប្លែង CBS ។ ហើយបច្ចុប្បន្ននេះ បន្ទាប់ពីបាត់ខ្លួនអស់មួយរយៈ ក្នុងអាជីពសិល្បៈ ស្រាប់តែលេចដំណឹងជាថ្មីថា នាយ តាក់ស៊ី កំពុងធ្លាក់ខ្លួន ជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះគ្មានផង។

បើយោងតាមប្រភពពីលោក អ៊ឺម ជីវ៉ា ក៏ដូចជាទំព័រហ្វេសប៊ុក សិល្បៈករកម្ពុជា បានឱ្យដឹងថា តារាកំប្លែង នាយ តាក់ស៊ី ដែលធ្លាប់តែល្បីថា ក្លាយខ្លួនជាថៅកែការ៉ាស់លក់រថយន្ត និងដីឡូតិ៍ ពេលនេះស្រាប់តែធ្លាក់ខ្លួន រស់ជ្រកក្រោមដំបូលផ្ទះជួល ១ខែ ៦០ដុល្លារ ហើយពេលខ្លះគ្មាន សូម្បីប្រាក់បង់ថ្លៃផ្ទះថែមទៀតផង ។

ប្រភពដដែលបានបញ្ជាក់ថា ផ្ទះជួលតម្លៃ ១ខែ ៦០ដុល្លាររបស់នាយ តាក់ស៊ី នោះ មានទីតាំងនៅម្ដុំស្ថានីយទូរទស្សន៍ CTN ។ ហើយ បើទោះជាជីវភាព កំពុងធ្លាក់ដុនដាបខ្លាំងយ៉ាសណាក៏ដោយ ក៏នាយនៅតែមានភារកិច្ច ចិញ្ចឹមម្ដាយចាស់នៅឯស្រុកដែរ ។

ជាការពិតណាស់ នាយ តាក់ស៊ី ក្រោយពីលែងលះភរិយាដើម គឺអ្នកនាង ភីម កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ រួចមក ឃើញថា ជីវិតរបស់នាយ ចាប់ផ្ដើមរសាត់អណ្ដែត លាឈប់ពីអាជីពកំប្លែង និងឈានដល់សាងផ្លួសទៀតផង ។ យ៉ាងណាមិញ ដោយសារតែក្ដីអាណិតអាសូរ ក៏ត្រូវបាន លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ហៅមកឱ្យថតកំប្លែងនៅ CTN ឡើងវិញ បន្ទាប់ពីលោកបានបង្ហាញបំណង ចង់វិលរកឆាកសម្តែងជាថ្មី ត្បិតក្រោយពីសឹក លោកគ្មានសល់អ្វី និងមិនមានមុខរបរ ក្រៅពីលេងកំប្លែងដើម្បី ចិញ្ចឹមជីវិតនោះឡើយ ។

នៅពាក់កណ្ដាលឆ្នាំ ២០២០ នាយតាក់ស៊ីក៏បានរៀបការ ជាមួយប្រពន្ធថ្មីជាស្ត្រីមេម៉ាយ កូន១ វ័យ ៣៩ឆ្នាំ រស់នៅក្រុងបាវិត ខេត្ដស្វាយរៀង។ ហើយតំណាលគ្នានោះ តារាកំប្លែងវ័យ ៤២ឆ្នាំរូបនេះ ក៏ល្បីថាឡើងមុខមាត់ ក្លាយជាថៅកែការ៉ាស់លក់រថយន្ត និងដីឡូតិ៍ ចាប់ដៃគូររកស៊ី ជាមួយលោក ឃឿន សូឡា ហៅ K01 ។

ទាក់ទងជាមួយឈ្មោះ ជាថៅកែនេះផងដែរ នាយ តាក់ស៊ី ក៏បានបកស្រាយជាមួយលោក អ៊ឹម ជីវ៉ា ថា តាមពិតលោក មិនមែនជាថៅកែ ការ៉ាស់លក់រថយន្ត និងដីឡូតិ៍ អ្វីឡើយ ពោលគឺលោកគ្រាន់តែស៊ីឈ្នួល ឈរឈ្មោះឱ្យគេប៉ុណ្ណោះ មិនមានលទ្ធភាពអ្វី សម្រាប់បើកអាជីវកម្ម ខ្លួនឯងឡើយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នាយ តាក់ស៊ី ពុំមែនជាតារាកំប្លែងកុងត្រា ក្នុងស្ថានីយទូរទស្សន៍ CTN ឡើយ ហើយការសម្ដែង រាល់ដងរបស់លោក គឺគ្រាន់តែជាការផ្ដល់ឱកាស របស់គណៈគ្រប់គ្រងទូរទស្សន៍ CTN ប៉ុណ្ណោះ ដើម្បីបានចំណូលខ្លះ ឱ្យលោកបានផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ ៕ ដោយ៖ ម៉ានី

Most Popular

To Top