តារាកំប្លែងជើងចាស់ ម៉ារី សុន ហៅនាយសងស៊ីស បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ លោកភ្ញាក់ផ្អើល ក្រោយពីលោកបង្ហាញវត្ដមាន ជាមួយកូនៗ អមដោយការរាំ ច្រៀងយ៉ាងសប្បាយ កាលពីម្សិលមិញ។

ត្បិតថាតារាកំប្លែងរូបនេះ ឈានចូលដល់វ័យជរា និងមានជំងឺលើសឈាមប្រចាំកាយ ប៉ុន្ដែលោកហាក់នៅរឹងមាំណាស់ ដោយកូនៗនិយាយថា លោកឪពុករបស់ខ្លួន នៅទទួលទានអាហារបាន សម្រានលក់ និងដើរបានធម្មតា។ ប៉ុន្ដែលោកច្រៀង ឬនិយាយ មិនច្បាស់ដោយសារតែរឹងគល់ក ព្រោះតែបញ្ហាជំងឺលើសឈាមកន្លងមក។

នៅក្នុងវីដេអូLive រយៈពេលជិត១ម៉ោង កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ហ្វេសប៊ុកឈ្មោះ Ka choy ដែលគេស្គាល់ថា ជាកូនស្រីបង្កើត របស់តាសងស៊ីស បានរៀបរាប់ថា គ្រាន់តែរាជរដ្ឋាភិបាល បើកដំណើរការសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញ លោកឪពុក គឺតាសងស៊ីស បានឡើងវឲពីស្រុកកំណើត នៅខេត្ដបាត់ដំបង មកភ្នំពេញ ដើម្បីជួបកូនៗ។ គ្រានោះ កូនៗក៏នាំលោករាំ ច្រៀង ហើយLive តាមបណ្ដាញសង្គមភ្លាម ទុកជាការប្រកាសដំណឹង ដល់ប្រិយមិត្ដដែលចង់ ជួនភ្លេងប្រពៃណីត្រកូលសុន ទៅប្រគំក្នុងកម្មវិធីបង្គលផ្សេងៗ នាឱកាសបើកប្រទេសឡើងវិញនេះ។

កាឆយ៖”បើលោកពុកនៅនិយាយបានដូចមុន…ពុកនឹងសម្ដែងឲ្យបងប្អូន បានមើលទៀតអត់? សងស៊ីស៖ ខ្ញុំនឹង! ស្រីឆយ៖ គាត់ថានឹងសម្ដែង តែគាត់ណែនទ្រូង រឹងគល់ក និយាយអត់កើត ហើយគាត់ឃើញកូនធ្វើអីចឹង (លេងកំប្លែងកាត់សក់) គាត់លើកមេដៃ គាត់គាំទ្រកូនៗ“។

បើតាម ស៊ុន ស្រីពេជ្រ និងកូនៗដទៃទៀត តារាសម្ដែងជើងចាស់ សងស៊ី ដែលត្រូវជាឪពុករបស់ខ្លួន នៅបន្ដលេបថ្នាំលើសឈាមជាប្រចាំ តែសុខភាពលោកនៅមាំទាំ ហូបបាន។ ពួកគេថា មិនបានប៉ុន្មានថ្ងៃទៀតទេ លោកឪពុកនឹងវិលទៅរស់នៅខេត្ដវិញ ហើយពួកគេដែលជាកូនចៅភាគច្រើន កំពុងរស់នៅ និងធ្វើការរកស៊ី នៅភ្នំពេញដដែល៕ Source: Sabay
