ភ្នំពេញ៖ អ្នកនាង សឿ សុធារ៉ា មួយរយៈធំចុងក្រោយនេះ កំពុងជួបនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតឈានដល់ជំពាក់បំណុលគេ ជាច្រើនម៉ឺនដុល្លារ មានទាំងអ្នកក្នុង និងក្រៅរង្វង់សិល្បៈ ហើយចំពោះវិបត្តិនេះដែរតារាសម្ដែង សឿ សុធារ៉ា ត្រូវបានទស្សនិកជន ប្រដូចទៅនឹងតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ដែលកំពុងជាប់បំណុលគេជុំទិស រហូតប្រកាសលែងមានលទ្ធភាព ដោះស្រាយផងដែរ ។


ជាមួយគ្នានេះផងដែរ ចំពោះរឿងបំណុល របស់តារាសម្ដែងស្រី សឿ សុធារ៉ា ជំពាក់អ្នកនាង សូដា នីតា រហូតមកទល់ពេលនេះ នៅមិនទាន់បានដោះស្រាយចប់នៅឡើយ ខណៈ អ្នកនាង សឿ សុធារ៉ា ក៏នៅតែរក្សាខ្លួន យ៉ាងស្ងប់ស្ងាត់ មិនមានចេញមុខតទល់ ជាមួយម្ចាស់បំណុលដែរ ។ ដូច្នេះហើយទើបពិធីការិនី រូបស្រស់ សូដា នីតា នៅតែបន្តបង្ហោះសារ ដៀមដាមឌឺដងតែម្នាក់ឯង នៅលើបណ្ដាញសង្គម ។
តួយ៉ាងកាលពីពេលថ្មីៗនេះ អ្នកនាង សូដា នីតា បានទម្លាយពីស្ថានភាពរបស់ តារាស្រី សឿ សុធារ៉ា នាពេលនេះឱ្យបានដឹងថា អ្នកនាង សឿ សុធារ៉ា មិនមែនជំពាក់បំណុលតែអ្នកនាងម្នាក់នោះទេ ថែមទាំងកំពុងជាប់បំណុលច្រើនម្ចាស់ទៀត ដែលពេលនេះត្រូវបានម្ចាស់បំណុលទាំងនោះ រួមទាំងអ្នកនាងកំពុងតែដាក់ពាក្យបណ្ដឹងជាង ១០ ករណីហើយ។ សូដា នីតា លើកឡើងយ៉ាងដូច្នេះដោយសារ មិនឃើញមានសញ្ញាឆ្លើយឆ្លងពីសំណាក់តារាស្រីល្បីឈ្មោះ សឿ សុធារ៉ា ទាក់ទងនឹងរឿងដោះស្រាយ លុយកាក់សងបំណុលនាង ។
ដូចដែលមហាជន បានជ្រាបរួចមកហើយថា ពិធីការិនី សូ ដានីតា កាលពីប្រមាណជាង ១០ថ្ងៃមុន ធ្លាប់បានប្រាប់ថា អ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួនចំនួនជិត ៤ម៉ឺនដុល្លារ ហើយព្យាយាមគេចវេស មិនដោះស្រាយ បើទោះជាអ្នកនាង សូ ដានីតា ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ឬឆាត ក៏តួឯកស្រីក្នុងរឿង «ព្រះគោព្រះកែវ» មិនឆ្លើយតបដែរ ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាង សូ ដានីតា នៅលើគណនីហ្វេសប៊ុករបស់នាង ។
នាងបញ្ជាក់ទៀតថា សម្រាប់លុយជិត ៤ម៉ឺនដុល្លារនេះ គឺអ្នកនាង សឿ សុធារ៉ា បានសុំឱ្យនាងជួយសងជំនួសទៅកាន់កូនក្រុមតុងទីនកាលមួយវគ្គមុន ដើម្បីកុំឱ្យពួកគេបន្តយករូប និងឈ្មោះនាងទៅបង្ហោះនាំឱ្យខូចកេរ្តិ៍ឈ្មោះ ។ ប៉ុន្តែមកទល់ពេលនេះ អ្នកនាង សឿ សុធារ៉ា មិនទាន់បានសងលុយទាំង នោះមកអ្នកនាង សូ ដានីតា វិញឡើយ ពោលគឺនៅតែគ្មាន ដំណោះស្រាយអ្វីទាំងអស់ ហើយមិនតែប៉ុណ្ណោះអ្នកនាង សឿ សុធារ៉ា ធ្លាប់បានប្រាប់នាងថា ខ្លួនកំពុងកើតរោគចិត្ត គិតចង់សម្លាប់ខ្លួន ហើយសម្រាប់លុយជំពាក់ជិត ៤ម៉ឺនដុល្លារនោះ គឺលែងមានលទ្ធភាពសងហើយ ៕ ដោយ៖ ម៉ានី




