សិល្បៈ និង កម្សាន្ត

ទីបំផុត តារាប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន បង្ហាញខ្លួន ជាសាធារណៈ លើកដំបូង ក្រោយចេញពីពន្ធនាគារ

ភ្នំពេញ៖ លោក អេដវីន តារាបង្ហាញម៉ូដ និងសម្តែងប្រុស ដែលមានប្រជាប្រិយភាពមួយរូប ប្រចាំប្រទេសកម្ពុជា។ ក្រោយមានព័ត៌មានរឿងអាស្រូវស្នេហា រហូតឈានដល់ការឃុំខ្លួន ហើយត្រូវដោះលែងវិញ តារាសម្តែងប្រុស រូបនេះ ហាក់ឃ្លាតឆ្ងាយជាខ្លាំង ពីពិភពសិល្បៈ និងហាក់សម្ងំខ្លួនបាត់ឈឹងពុំសូវមានដំណឹងអ្វីនោះឡើយ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាប្រុសរូបសង្ហារខាងលើ ស្រាប់តែធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ក្រោយពីបានឃើញវត្តមាននៅក្នុងពិធីបុណ្យ ៧ ថ្ងៃរបស់ម្តាយក្មេកលោក ម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី កញ្ញាឯកចក្រវាលកម្ពុជា។

សម្រាប់ការបង្ហាញវត្តមាន ជាសាធារណៈរបស់លោក អេដវីន លើកនេះ គឺលើកទីមួយ បន្ទាប់ពីបានចេញពីពន្ធនាគារស្ងាត់ៗ កាលពីប្រមាណជាង ២ខែមុន ប៉ុន្តែយ៉ាងណាក៏ដោយ មិនទាន់ដឹងទេថា តើតារាប្រុសរូបនេះអាចនឹងត្រលប់មក ពិភពសិល្បៈវិញ ឬក៏លោកសម្ងំប្រើជីវិត សាមញ្ញធម្មតានោះឡើយ ហេតុដូចនេះមានតែរង់ចាំ ព័ត៌មានបន្ថែមពីសាមីខ្លួន។

គួរឱ្យដឹងផងដែរថា តារាប្រុសលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានប្រើប្រាស់អំពើហិង្សា ទៅលើអតីតគូស្នេហ៍របស់ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា ។ ជាប់ឃុំក្នុងពន្ធនាគារបានមួយរយៈខ្លី ស្រាប់តែធ្លាយដំណឹងពីអ្នកនាង សុទ្ធ បញ្ជកា ថា លោក អេដវីន ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយក៏បានវិលទៅរួមស្នេហា ជាមួយសង្សារចាស់វិញ ដែលទំនងជាកញ្ញា ឡុង ថាវរី ។ ប៉ុន្តែកាលនោះកញ្ញា ឡុង ថាវរី ពុំព្រមផ្ដល់បទសម្ភាសន៍ បកស្រាយជាមួយ Lookingtoday ឡើយ ដោយនាងលើកហេតុផលថា រវល់មិនមានពេលបកស្រាយ ៕ ដោយ៖ ម៉ានី

Most Popular

To Top