ក្រុមតាលីបង់ បានចេញច្បាប់ថ្មី ចំពោះប្រព័ន្ធផ្សព្វផ្សាយ គឺហាមមិនឱ្យស្រ្តីសម្តែងក្នុងភាពយន្ត ឫ រឿងភាគដែលចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ នោះទេ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

គ្រប់រឿងភាគទាំងអស់ និងកម្មវិធីកម្សាន្តផ្សេងៗ ដែលមានវត្តមានរបស់ស្រ្តី គឺខុសច្បាប់ ។ នេះបើតាមរដ្ឋាភិបាល ដឹកនាំដោយក្រុមតាលីបង់ បានប្រាប់ទៅកាន់បណ្តាប៉ុស្តិ៍ទូរទស្សន៍ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

បន្ថែមលើនោះ ច្បាប់ថ្មីនេះ បានបញ្ជាក់ថា រាល់ខ្សែភាពយន្តណា ដែលឆ្លុះបញ្ចាំងផ្ទុយពីច្បាប់ របស់សាសនាឥស្លាម និង តម្លៃនៃប្រទេសអាហ្វហ្គានីស្ថាន ពុំគួរចាក់ផ្សាយឱ្យពលរដ្ឋទស្សនាឡើយ ។ គួររំលឹកថា នៅក្នុងឆ្នាំ ១៩៩៦ ដល់ ២០០១ គ្រាដែលក្រុមតាលីបង់កាន់អំណាច ប៉ុស្តិ៍ទូរទស្សន៍ ត្រូវបានហាមប្រាម មិនឱ្យមាន និងចាត់ទុកថា ជាអំពើខុសច្បាប់ថែមទៀតផង៕
