ភ្នំពេញ៖ ទំនាក់ទំនងរវាងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជន អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ក្រោយពីលេចនូវសកម្មភាពកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំង ព្រមទាំងឃើញពោលពាក្យផ្អែមល្ហែមដាក់គ្នា ជារឿយៗនោះ។

ជាការពិតណាស់ មានអ្នកគាំទ្រជាច្រើនបាន សម្ដែងអារម្មណ៍រំភើបរាល់ពេល ដែលស្រីស្រស់ប្រុសស្អាត មួយគូរខាងលើ បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នា លើបណ្ដាញសង្គមម្ដងៗ ហើយក៏ចង់ឱ្យគេទាំងពីរនាក់ ក្លាយជាគូស្នេហ៍ជាមួយគ្នាពិតប្រាកដផងដែរ ។
តួយ៉ាងថ្មីៗនេះ លោក លោក សេង មង្គល បាននិយាយសារភាពត្រង់ៗថាស្រឡាញ់ ហ៊ិន ចាន់នីរ័ត្ន តាមរយៈវីដេអូលើ Tik tokដែលបានធ្វើឱ្យមហាជន អ្នកគាំទ្រស្ដាប់ឮហើយរំភើបយ៉ាងខ្លាំង ។

កន្លងៗមក មានមហាជនមួយចំនួនធំ សង្ស័យថា កញ្ញា ចាន់នីរ័ត្ន អាចកំពុងមានទំនាក់ទំនងស្នេហា ជាមួយតារារៀមប្អូន ដែលជាអតីតម្ចាស់ជ័យលាភី Freshie Girls & Boy ដូចគ្នា គឺលោក សេង មង្គល ។
ទស្សនិកជនបានសរសើរថា ពួកគេពិតជាស័ក្តិសមគ្នាណាស់ ប្រសិនបើអ្នកទាំងពីរបើកបេះដូង ទទួលយកស្នេហាពីគ្នានោះ រហូតមានអ្នកគាំទ្រ បានលើកឡើងថា តារាសម្តែងទាំងពីរមិនមែនស័ក្តិសមតែនៅក្នុង ខ្សែភាពយន្តនោះទេ គឺពួកគេពិតជាចង់ឃើញរូបភាពស្និទ្ធស្នាល របស់អ្នកទាំងពីរឈានដល់ការស្វែងយល់ចិត្តគ្នា ក្នុងន័យស្នេហានោះផង។ កាន់តែចាប់ភ្លឹកថែមទៀតនោះគឺក្រោយពីព្រឹត្តិការណ៍ ប្រកួតកម្មវិធី Freshie Girls & Boy ជំនាន់ទី២០កាលពីចុងខែសីហាកន្លងទៅនេះ លោក សេង មង្គលថែមទាំងបានលូកដៃ កៀកស្មាប៉ះសាច់ហ៊ិន ចាន់នីរ័ត្ន គ្រាដែលនាងឡើង ទទួលយកពានFreshie Cambodia Hall of Fame នៅលើឆាក ដែលការប៉ះសាច់នេះបានធ្វើឲ្យនាងអៀនជាខ្លាំង គ្រាដែលទស្សនិកជនស្រែកហ៊ោអបអរសាទរនោះ។


គួរបញ្ជាក់ដែរថាតារាសម្តែង និងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន គឺជាអតីតម្ចាស់ជ័យលាភី ជំនាន់ទី៦ក្នុងអំឡុងឆ្នាំ ២០០៧ នាងបានសាងភាពលេចធ្លោ ទាំងលើការសម្តែង និងការងារជាពិធីការិនី ខណៈដែលលោកសេង មង្គលក៏ជាតារាសម្តែង ដ៏ស្រស់សង្ហា និងជាពិធីករដ៏មានមន្តស្នេហ៍ផងដែរ៕ ដោយ៖ ម៉ានី

