នៅក្នុងរជ្ជកាលស្ដេចអាយុធ្យារាមាធិបតីឬហៅថាស្តេចអ៊ូថង ជាព្រះអង្គម្ចាស់ខ្មែរដែលគ្រប់គ្រងនៅខេត្តលុបបុរី បន្ទាប់ពីបានប្រកាសឯករាជ្យ ស្តេចអង្គនេះក៏បានដឹកនាំនិងលើកទ័ពមកវាយនៅក្រុងអង្គរជាលើកទី១ ។ការបាក់បែកក្រុងអង្គរជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃអាណាចក្រខ្មែរ ព្រោះកងទ័ពខ្មែរជាច្រើនត្រូវបានពលីក្នុងសមរភូមិ ប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនា ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ។ ជាងនេះទៅទៀតក្រោយពេលកងទ័ពអាយុធ្យាចូលមកគ្រប់គ្រងអង្គរ ពួកគេបានកេណ្ឌប្រជាពលរដ្ឋរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់យកទៅបំពេញនៅតាមខេត្តរបស់ខ្លួន ហើយការដែលអាយុធ្យា ធ្វើបែបនេះគឺជាយុទ្ធសាស្ត្រមួយធ្វើឱ្យខ្មែរចុះខ្សោយ ព្រោះអស់ទាំងកម្លាំងកងទ័ពអស់ ទាំងកម្លាំងពលកម្ម។
លុះក្រោយមកស្តេចអាយុធ្យា បានបញ្ជូនព្រះរាជបុត្រ៣អង្គឱ្យមក គ្រប់គ្រងក្រុងអង្គរ បើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា ស្ដេចសៀម បានលើកព្រះរាជបុត្រពៅព្រះនាមចៅបាសាទ ឱ្យឡើងគ្រងរាជបល្ល័ង្ក ខ្មែរ ព្រមទាំងបានតែងតាំងព្រះរៀមពីរអង្គទៀត គឺចៅបាអាតនិងចៅកំបង់ពិសី ឱ្យ នៅជួយកិច្ចការរួមទាំងកងទ័ព១ម៉ឺននាក់។ បន្ទាប់មកស្ដេចសៀមបានបញ្ជាឱ្យគេនាំ យកប្រជារាស្ត្រខ្មែរនៅក្រុងអង្គរទាំងអស់យកទៅអាយុធ្យា រួមទាំងទ្រព្យសម្បត្តិជា ច្រើនទៀត ដូចជាមាសប្រាក់និងវត្ថុមានតម្លៃជាច្រើនដូចជាកន្ទេលមាសកន្ទេលប្រាក់ សេះដំរី ..។
នៅពេលនោះចៅបាសាធ មិនត្រឹមតែគ្រប់គ្រងនៅក្រុងអង្គរប៉ុណ្ណោះ ទេ ថែមទាំងបានគ្រប់គ្រងទៅលើខេត្តខ្មែរមួយចំនួន ដែលចៅហ្វាយខេត្តសុខចិត្តស្ថិតនៅ ក្រោមចំណុះអាយុធ្យា ប៉ុន្តែនៅមានខេត្តខ្មែរមួយចំនួន ក៏មិនព្រមស្ថិតនៅក្រោមចំណុះ របស់អាយុធ្យាដែរ។
ចំណែកចៅហ្វាយខេត្តខ្មែរមួយចំនួនមិនព្រម នៅក្រោមចំណុះរបស់អាយុធ្យានោះ ក៏បានតាំងខ្លួនឯងជាស្ដេចត្រាញ់នៅតាមតំបន់ រៀងៗខ្លួន ពេលនោះធ្វើឱ្យមានភាពច្របូកច្របល់ ស្ថានភាពសង្គមធ្លាក់ចុះទៅក្នុងភាព អនាធិបតេយ្យ កើតចោរលួចចោរប្លន់បង្កអសន្តិសុខពេញផ្ទៃប្រទេស។ ចំណែកស្ដេចសៀម ចៅបាសាធ គ្រប់គ្រងអង្គរបានតែ៣ឆ្នាំក៏សោយទិវង្គតនៅឆ្នាំ១៣៥៥គ.ស. ពេលនោះ ព្រះរៀមរបស់ព្រះអង្គព្រះនាមចៅបាអាត ឡើងស្នងរាជ្យបន្តបាន៣ខប៉ុណ្ណោះ ក៏សោយ ទិវង្គតដោយសារជម្ងឺអាសន្នរោគ ដូច្នេះព្រះរៀមច្បងចៅកំបង់ពិសី បានឡើងស្នងរាជ្យ បន្តរហូតដល់ឆ្នាំ១៣៥៧គ.ស.។
ប្រភព៖ឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល (សៀវភៅកម្ពុជារវាងសៀម យួន និងអណានិគមបារាំង)