ភ្នំពេញ៖ អស់មួយរយៈធំមកហើយ ដែលតារាម៉ូដែល ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា និងតារាមច្រៀង ហេង ពិទូ បង្ហាញសកម្មភាពភាពផ្អែមជាមួយគ្នាជាថ្មី ក្រោយចែកផ្លូវគ្នា អស់រយៈពេលជាច្រើនឆ្នាំ ។ សកម្មភាពទាំងអស់នេះ ក៏ហាក់ដូចជាចេតនាមួយ ចង់បង្ហាញអ្នកគាំទ្រថា គេទាំងនាក់កំពុងចាប់ផ្ដើមស្នេហាជាថ្មី ប៉ុន្តែប័ត៌មាននេះពុំទាន់ច្បាស់ មួយរយភាគរយផងស្រាប់តែថ្ងៃនេះ លោក ហេង ពិទូ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម ដោយប្រកាសចែកផ្លូវគ្នា ជាមួយស្រីស្អាត ហ្វីយ៉ាតា ដែលជាហេតុនាំឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ។

នៅក្នុងសារនោះម្ចាស់បទ «ភ្លេចថាយើងបែកគ្នា» បានប្រាប់ថា ពេលនេះលោក និងអ្នកនាង ហ្វីយ៉ាតា បែកគ្នាហើយ ហើយកំហុសគ្រប់យ៉ាង ក៏ព្រោះតែលោកជាអ្នកបង្ក ដោយបានលួចទាក់ទង ជាមួយមនុស្សស្រីដទៃ ។ ដូច្នេះហើយ លោក ហេង ពិទូ ក៏បានសម្រេចចិត្តចែកផ្លូវគ្នា និងបានសូមទោស ដល់គូស្នេហ៍គឺនាង ហ្វីយ៉ាតា ក៏ដូចជាអរគុណនាង ដែលតែងតែលើកលែងទោស ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកាសចែកផ្លូវគ្នា ចំថ្ងៃបុណ្យណូអែលនេះ ក៏មានអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំ បានលើកឡើងថា អាចគ្រាន់តែជាការលេងសើច សម្រាប់គូស្នេហ៍គេទាំងពីរនាក់ប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ស្រាប់តែអ្នកមេម៉ាយចាយរាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានសរសេរសារឆ្លើយតបទៅកាន់ អ្នកដែលថាពួកនាងលេចសើច ថា នាងមិនមានពេលទំនេរ សម្រាប់មកលេងដូចកូនក្មេងឡើយ ។ ហើយជាមួយគ្នានោះ នាងក៏បានផ្លែផ្កា ទៅកាន់លោក ហេង ពិទូ ផងដែរ ដោយខ្លឹមសារយ៉ាងដូច្នេះថា “រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់ មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ. ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឱ្យ ដឹងខ្លួនថាកុំយកសេចក្ដីសុខខ្លួនឯង ទៅផ្ញើនឹងអ្នកដទៃព្រោះគេ មិនបានស្មោះត្រង់ជាមួយយើង គ្រប់ពេលនោះទេ. កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ ត្រូវរៀនរស់ដោយខ្លួនឯងរឹងមាំ ដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹង គេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើង មានអារម្មណ៍ថាស្ដាយក្រោយ ពេលនរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថាអ្នកស្អាត,ខ្លាំង, ពូកែប៉ុណ្ណាទេមនុស្សបើគេចង់ក្បត់ហើយ ទោះបីយើងឱ្យគេអង្គុយ នៅលើបល្ល័ង្កទៀត ក៏គេនៅតែក្បត់ដែរ” ។

អ្នកនាង ហ្វីយ៉ាតា បានបន្តទៀតថា “គ្មានមនុស្សស្រីណាចង់មានទំនាក់ទំនង ស្នេហាច្រើនដងនោះទេ ប៉ុន្តែឲ្យគេនៅយ៉ាងម៉េច បើមនុស្សប្រុសមួយចំនួនមិនឱ្យ តម្លៃនិងតែងតែបំផ្លាញផ្លូវចិត្តរបស់នាង អញ្ចឹងហើយមនុស្សស្រី មានសិទ្ធិដើរចេញនិងជ្រើសរើសអ្វីល្អ សម្រាប់ខ្លួនគេដូចគ្នា. មិនមែនរាល់ការបែកគ្នាទាំងអស់ ឬឱ្យតែដឹងថាមនុស្សស្រីម្នាក់នោះ មានទំនាក់ទំនងស្នេហាច្រើន គឺសុទ្ធតែមនុស្សមិនល្អទេ ពេលខ្លះនាងវិញទេ ដែលជួបមនុស្សមិនល្អក៏ថាបាន… ខ្ញុំពិតជាចង់សើច មនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយ ទៅសង់ទៀមស្រាផឹកជាមួយស្រី. ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរ ប៉ុន្តែខ្ញុំគិតឡើងវិញថាមកពីខាងប្រុស របស់យើងទេដែលបើកដៃ ឲ្យគេចូលមកបាន. ធម្មតាទេបើទ្វារផ្ទះយើង បើកចំហដាក់ផ្លាកថា Welcome ហើយពួកចោរវាប្រាកដជា ដើរចូលមកសាកហើយ. បើជ្រុលជាវាលួចបានរបស់ពីក្នុងផ្ទះ ទៅហើយយកទៅអោយឆ្ងាយចុះ ខ្ញុំមិនទៅរកយកមកវិញទេ ហើយខ្ញុំនឹងចាក់សោទ្វារផ្ទះរបស់ខ្ញុំ ឱ្យប្រយ័ត្នលើកនេះ មិនឲ្យមានមនុស្សប្រភេទនេះ មកសំងំនៅបានទៀតឡើយ… សុំបញ្ជាក់ថាគាត់បង្ហោះនេះ ក៏ដោយសារតែការដោះដូរ មិនឲ្យខ្ញុំបញ្ចេញនៅផុសតាង ដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះ កុំទាន់សប្បាយអរអី” ។

គួរឱ្យដឹងផងដែរថា កាលពីប្រមាណជាង ៦ឆ្នាំមុន លោក ហេង ពិទូ និងអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាគូស្នេហ៍នឹងគ្នា ហើយក៏បានបែកគ្នាទៅវិញ ដោយម្នាក់ៗសុទ្ធតែមាន អ្នកស្អំបេះដូងជាបន្តបន្ទាប់ ។ ហើយទើបតែមួយរយៈចុងក្រោយនេះ ទើបឃើញគេទាំងពីរត្រឡប់ មកស្និទ្ធស្នាលគ្នាម្ដងទៀត ដែលជាហេតុនាំឱ្យមាន ការលើកឡើងថា ហេង ពិទូ និង ហ្វី យ៉ាងតា អាចនឹងវិលរកឆ្នាំងចាស់ ខណៈដែលទាំងពីរនាក់ ធ្លាប់មានប្រវត្តិបង្កាត់ភ្លើង ស្នេហ៍ជាច្រើនរាប់មិនអស់៕ ដោយ៖ ម៉ានី






