Harper Beckham គឺជាកូនស្រីរបស់បុគ្គលល្បី ២រូបគឺ ឪពុក David Beckham អតីតកំពូលកីឡាករបាល់ទាត់ និងម្ដាយ Victoria Beckham តារាចម្រៀង និងជាបុគ្គលសំខាន់បំផុត ក្នុងវិស័យ Fashion។

កើតមកជាកូនពៅ ក្នុងគ្រួសារ ដែលមានបងប្រុស ៣នាក់ Harper តែងទទួលបាន ក្ដីស្រឡាញ់យ៉ាងខ្លាំងពីបងៗ និងឪពុកម្ដាយ។ មកទល់ពេលនេះ នាងមានអាយុ ១១ឆ្នាំហើយ សម្រស់ក៏កាន់តែស្រស់ស្អាត គួរជាទីស្រឡាញ់។
ដោយឡែកកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ David ជាឪពុកបានបង្ហោះសារមួយ ភ្ជាប់ជាមួយរូបមួយសន្លឹក បញ្ជាក់ពីការអន់ចិត្ត និងខ្លាចបាត់តំណែងលេខ ១ ក្នុងចិត្តកូនស្រី ដែលកាន់តែចម្រើនវ័យ ហើយនាងក៏បានប្រាប់ថា នាងមាន Crush ដែរ។

អតីតកីឡាករបាល់ទាត់រូបនេះ បានសរសេរថា៖ «ផ្កាកុលាប មានពណ៌ក្រហម Harper Seven បង្ហើបថានាងមានស្នេហាហើយ ហើយនេះគឺទឹកមុខឪពុក ប៉ុន្តែមិនអីទេ ព្រោះយ៉ាងណានាងបាននិយាយថា ប៉ាៗនៅតែជាស្នេហាតែមួយក្នុងចិត្តនាង»។

គ្រប់គ្នារីករាយពេលឮដំណឹងនេះ ប៉ុន្តែក៏អាណិតឪពុករូបនេះដែរ។ ទោះជាយ៉ាងណា ក៏គ្មានអ្វីអាចហាមនូវដំណើរជីវិតមួយនេះដែរ កូនដែលឪពុកម្ដាយស្រឡាញ់ស្មើកែវភ្នែក ត្រូវធំដឹងក្ដី ដូច្នេះនាមជាអ្នកមើលថែ ពីតូចមក ក៏ត្រូវសម្របខ្លួន តាមនោះដែរ៕ Source: Sabay





