បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ តាមរយៈអាជីពចម្រៀង នៅដើមឆ្នាំ២០២២ នេះ កញ្ញា វ៉ាន់ នីឡា បានបង្ហើបពីគោលបំណង រៀបចំគ្រួសារ ឬផែនការជីវិត សម្រាប់ឆ្នាំ២០២២។ នីឡា អាចនឹងពិចារណាលើបុរសណា ដែលមានសមត្ថភាព និងលទ្ធភាពចំនួន៥ ដើម្បីបង្កើតក្ដីសុខ ឲ្យនាងទៅអនាគត។

កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ដែលអ្នកលេងបណ្ដាញសង្គមភាគច្រើន បានបង្ហោះសារផ្សេងៗ ទាក់ទងនឹងរឿងរ៉ាវជីវិត ដោយគិតថាជាថ្ងៃល្អដ៏កម្រប្រចាំឆ្នាំនោះ កញ្ញា វ៉ាន់ នីឡា និយាយថា មនុស្សស្រីមិនដែលសុំអី្វច្រើនទេ គឺសំុត្រឹមតែមានលុយទិញខោអាវថ្មីៗ មានផ្ទះវីឡាតូចល្មម មានឡានជិះ មានលទ្ធភាពអាចជិះយន្ដហោះ ទៅដើរលេងក្រៅប្រទេស មានប្តីចេះយល់ចិត្ត និងមានកូនប្រកបដោយបញ្ញា នោះហើយជាក្ដីសុខ។

ក្រោយពីបង្ហាញក្ដីប្រាថ្នាថ្មី តាមបណ្ដាញសង្គម កញ្ញា វ៉ាន់ នីឡា ក៏ទទួលបានការកោតសរសើរ លើរូបសម្រស់របស់កញ្ញាដែរថា រូបកញ្ញានៅតែស្រស់ផូរផង់ និងមានសមត្ថភាពច្រើន ក្នុងវិស័យសិល្បៈ ប៉ុន្ដែអ្នកគាំទ្រខ្លះនិយាយថា ទោះបីព្រះយ៉ាងម៉េច នៅមានខុសបំណង ចុះទម្រាំតែមនុស្ស អ្វីដែលយើងប្រាថ្នា មិនសុទ្ធតែដូចបំណងនោះទេ។


កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីបង្កើត អ្នកដឹកនាំសម្ដែងល្បីឈ្មោះ សុខ ជំនោរ បានបើកទំព័រសិល្បៈលើកទី២របស់ខ្លួន នៅដើមឆ្នាំ២០២២ ដោយបានចេញចម្រៀងមួយបទ ក្រោមចំណងជើងថា “មិនចង់ខូចចិត្ដដដែល” ហើយនាងក៏ចាប់ផ្ដើមមានឱកាស បានឡើងឆាកប្រគំតន្ដ្រីឡើងវិញផងដែរ។ នីឡា បានបាត់មុខមួយរយៈធំ ក្រោយធ្លាយរូបអាក្រាតកាយ តាមបណ្ដាញសង្គម និងលេចដំណឹងថា មានទំនាក់ទំនងស្នេហា ជាមួយកូនប្រុសមន្ដ្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃម្នាក់៕ Source: Sabay
