ភ្នំពេញ៖ ថ្មីៗនេះ ដេនីក្វាន់ បានបង្ហាញរូបភាពពោះខ្ទាតធំ ជាលើកដំបូងក្រោយ គភ៌មានអាយុប្រមាណជាបីខែ ។ ទោះពពោះកូនក្នុងផ្ទៃ តែបើនិយាយពីសម្រស់របស់ ដេនីក្វាន់ នៅតែផូរផង់មិនស្រកស្រុតឡើយ ។

បើតាមការបង្ហាញរបស់ ដេនីក្វាន់ បានឱ្យដឹងថារូបនាង និងកូនក្នុងផ្ទៃមានសុខភាពល្អជាធម្មតា តែក្នុងនោះនាងមិនបានបញ្ជាក់ថា កូនក្នុងផ្ទៃជាកូនប្រុស ឬស្រីនោះទេ ។ ជាមួយនឹងការសរសើរ ពីភាពស្រស់ស្អាត របស់ ដេនីក្វាន់ ក្នុងពេលមានផ្ទៃពោះ ក៏មានការជូនពរពីសំណាក់មហាជន នៅក្នុងបណ្តាញសង្គមឱ្យនាង និងកូនក្នុងផ្ទៃមានសុខភាពល្អ ។
ក្នុងនោះក៏មានការលើកឡើងថាមិនដឹងថាកូនសម្រាលមកស្អាតបែបណាទេបើម៉ាក់ៗ គួរឱ្យស្រឡាញ់បែបនេះ ។
ដេនីក្វាន់ បានសម្រេចចិត្តពពោះ ក្រោយពីនាងបានភ្ជាប់ស្នេហ៍ថ្មី ជាមួយបុរសវ័យជ្រេម្នាក់ ដែលមាឌធំដំបងដែលនាងតែងតែហៅថាជាប៉ាប៉ា ។ អ្វីដែលចាប់អារម្មណ៍ទោះស្វាមី មានវ័យចំណាស់ក៏ពិតមែន តែ ដេនីក្វាន់ ទទួលបាននៅក្តីសុខ សុភមង្គលបំផុត ។

គួរឱ្យដឹងផងដែរថា មុនឈានចូលដល់ឆ្នាំ ២០២២ ប្រមាណជា ពីរថ្ងៃ ដេនីក្វាន់ បានត្អូញត្អែនៅលើគណនីហ្វេសប៊ុក របស់នាងថា ខ្លួនកំពុងចាញ់ (ចាញ់កូន) ក្អួតរហូត ហើយថែមទាំងចោទជាសំណួរសួរទៅកាន់អ្នកគាំទ្រ និងមិត្តភក្ដិនាងថា តើមានវិធីណាធ្វើឱ្យកាត់បន្ថយចាញ់កូនទេ ? ព្រោះពេលនេះនាងកំពុងចាញ់ វិលមុខ ឈឺក្បាល និងក្អួតឡើងទន់ខ្លួនហើយ ។

ជាមួយនឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះផងដែរ ក៏ធ្វើឱ្យនឹកឃើញដល់កាលពីអំឡុង ដើមខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ដេនីក្វាន់ បានបង្ហាញវត្តមាន គូស្នេហ៍របស់នាង ប៉ុន្តែមិនបានបង្ហាញមុខច្បាស់ឡើយ ។ ហើយរហូតដល់ថ្ងៃសម្ពោធហាងលក់ពេជ្ររបស់បងស្រីនាង គឺអ្នកនាង ចោម ក្វាន់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ស្រាប់តែតារាស្រីសម្បូរព័ត៌មានច្រើនបំផុត លើបណ្ដាញសង្គមរូបនេះ បានបង្ហាញមុខបុរសវ័យកណ្ដាលម្នាក់ ដែលបុរសនោះគឺជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីលោក ចាន់ មករា ៕

ដោយ៖ ម៉ានី


