ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វអណ្តើកសមុទ្រ (ក្រាស់) ១ក្បាលទៀតហើយ ទៅព្រលែងក្នុង ព្រែកទឹកប្រៃធម្មជាតិវិញ ដែលជាការព្រលែង សត្វអណ្តើកសមុទ្រ (ក្រាស់) លើកទី១៣២ ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ។ ក្នុងនោះសៀល ដែលកឹបលើសត្វអណ្តើកសមុទ្រ (ក្រាស់)មួយនេះគឺមានអក្សរ KH0394 ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀល រាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទ បានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតី សហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល៕









