សិលាចារឹកមួយក្នុងចំណោមសិលាចារឹកចំនួន១០ដែលរកឃើញនៅតំបន់ភ្នំសំបុក និងស្រុកសំបូរ ស្រុកស្នួល និងមេម៉ងខេត្តមណ្ឌលគិរីអាចនិយាយបានថាជាសិលាចារឹកដែលអានមិនទាន់ដាច់នៅលើពិភពលោកយើងនេះ។
បើតាមលោក កំ វណ្ណារ៉ា អ្នកជំនាញសិលាចារឹកខ្មែរ និងសំស្ក្រឹតបានឲ្យដឹងថាបច្ចុប្បន្នអ្នកស្រាវជ្រាវនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់សិលាចារឹកនេះថា ចារឹកក្នុងឆ្នាំណា ហើយក៏មិនដឹងថាចារឹកជាភាសាអ្វីដែរ ដោយត្រឹមតែដឹងច្បាស់ថាវាមិនមែនជាសិលាចារឹកជាភាសាបាលី សំស្ក្រឹត ខ្មែរ ចាម ឬមនប៉ុណ្ណោះ។

ប្រភពពីអ្នកជំនាញដដែលអះអាងថាលក្ខណៈទូទៅរបស់សិលាចារឹកនេះបានផ្ដើមដោយ ពាក្យថា ស្វាស្តិ និងមាននិមិត្តសញ្ញាដូចជាយុថ្កាទាំងអស់ ដែលសិលាចារឹកនេះអាចទំនងជារបស់ក្រុមអំបូរជនជាតិភាគតិចណាមួយ ដែលមានអារ្យធម៌រុងរឿងមានភាសា អក្សរ និងគោរពព្រហ្មញ្ញសាសនា ដូចខ្មែរដែរ តែក្រោយមកក្រុមអម្បូរនេះបាត់បង់ទៅក៏អាចថាបាន។

សិលាចារឹកប្រភេទមួយចំនួនរកឃើញនៅតំបន់នៅក្បែរជនជាតិពូនង ឬព្នង តែតាមអ្នកឯកទេសភាសាពូនងថាមិនមែនភាសាពូនងនោះទេ ដូច្នេះហើយបានជាវានៅតែជាអាថ៌កំបាំង នៅតែមានសំណួរចោទថា សិលាចារឹកនេះជាភាសាអ្វី រៀបរាប់ពីអ្វី។ រហូតមកដល់ម៉ោងនេះ វិនាទីឥតទាន់មាននរណាអាចឆ្លើយសំណួរនេះបាននៅឡើយទេ។

គួរបញ្ជាក់ថាបច្ចុប្បន្នសិលាចារឹកនេះត្រូវបានអាជ្ញាធរតម្កល់ទុកនៅសារមន្ទីរខេត្តក្រចេះ ហើយគេសង្ឃឹមថានៅថ្ងៃអនាគត នឹងមានអ្នកជំនាញណាមួយអាចគាស់កកាយអត្ថន័យ និងអាថ៌កំបាំងនៅក្នុងសិលាចារឹកនេះដើម្បីជាពន្លឺក្នុងការស្រាវជ្រាវ និងសិក្សាបន្ថែមពីដែនដីខ្មែរនាអតីតកាលដ៏រុងរឿង៕
