សិល្បៈ និង កម្សាន្ត

សាកសពតារាសម្ដែងថៃ ដ៏ល្បីល្បាញនាង Tangmo ត្រូវបានរកឃើញហើយ

ថៃ៖ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់តារាសម្តែងទូរទស្សន៍ Nida “Tangmo” Patcharaveerapong អណ្តែតក្នុងទន្លេ Chao Phraya ក្បែរផែ Phibul Songkhram 1 ក្នុងខេត្ត Nonthaburi កាលពីថ្ងៃសៅរ៍ ២ថ្ងៃបន្ទាប់ពីនាងបានធ្លាក់ពីទូកលឿនយោងតាមការចេញផ្សាយពីគេហទំព័រ Bangkokpost។

លោក Dayos Detjob អាយុ ៤៤ ឆ្នាំ ជាបងប្រុសរបស់តារាសម្តែងដែលបានចូលរួមក្នុងប្រតិបត្តិការស្វែងរកនោះ បានបញ្ជាក់ថា សាកសពគឺជាប្អូនស្រីរបស់លោក។ លោកបានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលពាក់ព័ន្ធនឹងការងាររបស់ពួកគេក្នុងអំឡុងពេលការស្វែងរករយៈពេល ៣៨ ម៉ោង។

ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruamkatanyu បានរាយការណ៍ថា សាកសពត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេប្រហែលម៉ោង ១.១0 យប់ថ្ងៃសៅរ៍ ប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍។ សាកសពត្រូវបានគេដឹកយកទៅកាន់ផែដែលម្តាយរបស់ Tangmo ឈ្មោះ Panida Sirayootyotin អាយុ ៦៧ ឆ្នាំ កំពុងរង់ចាំ រួមជាមួយមិត្តប្រុស និងមិត្តភ័ក្តិរបស់តារាស្រីរូបនេះ។

លោក Eakpan Bunluerit ជាអ្នកស្ម័គ្រចិត្តជួយសង្គ្រោះដ៏ល្បី និងជាតារាសម្ដែង ក៏បានបញ្ជាក់ថា សាកសពជារបស់Tangmo។ប៉ូលីសបានបិទតំបន់ជុំវិញផែ ដើម្បីទុកអោយក្រុមគ្រួសារ និងមិត្តភ័ក្តិ រក្សាភាពឯកជន និងរក្សាក្រុមអ្នកសារព័ត៌មានជាច្រើន មុននឹងយកសាកសពទៅធ្វើកោសល្យវិច័យនៅមន្ទីពេទ្យ Police General ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។

តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះស្ថិតក្នុងចំណោមមនុស្ស ៦ នាក់នៅលើទូកល្បឿនលឿនដែលកំពុងធ្វើដំណើរពីស្ពាន Krung Thon ក្នុងទីក្រុងបាងកក ទៅកាន់ស្ពាន Rama VII ក្នុងខេត្ត Nonthaburi ។ នាងបានធ្លាក់ពីលើទូកនៅម៉ោងប្រហែល១០យប់នៅជិតផែPibul Songkhram 1៕ដោយ៖លី ភីលីព

Most Popular

To Top