សិល្បៈ និង កម្សាន្ត

ទោះមិនទាន់មាន ពិធីអាពាហ៍ពិពាហ៍ធំដុំ ដូចគេក៏ ពេជ្រ សូលីកា កំពុងរស់នៅ មានសុភមង្គលខ្លាំងបំផុត

ភ្នំពេញ៖ ការផ្ទុះកូវីដសារជាថ្មីឡើងវិញ ធ្វើឲ្យតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិនអាចសម្រេចបំណងធំ ក្នុងការគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២២ នេះបានឡើយ បន្ទាប់ពីនាងបានឆាចោលម្ដងរួចទៅហើយ កាលពីឆ្នាំ២០២១ ព្រោះតែកូវីដនេះ។

យ៉ាងណាតារាហង្សមាសរូបនេះហាក់គ្មានការបារម្ភខ្លាច ចំណងស្នេហាមានការប្រែប្រួលនោះទេ ព្រោះថាពេលនេះរូបនាងនិងលោកគឹម ហាន ក្លាយទៅជាចិត្ត១ ថ្លើម១ ទៅហើយក្រោយភ្ជាប់ស្នេហ៍ បានជាង២ឆ្នាំទទួលបាន ចំណងដៃកូនប្រុស១ អាយុជិត២ឆ្នាំ។

ទន្ទឹមគ្នានេះដែរ ត្បិតតែមិនទាន់មានកម្មវិធីមង្គលការធំដុំ ដូចតារាដទៃយ៉ាងណាក៏ដោយ ក៏អ្នកម្ដាយស្រស់សោភារូបនេះ ត្រូវបានស្វាមីផ្គាប់ចិត្តយ៉ាងខ្លាំង ដូចជាកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងត្រូវប្ដីទិញផ្ទះវីឡារតម្លៃ ជាង៣០ម៉ឺនដុល្លារ និងចុងខែធ្នូឆ្នាំ២០២១ ប្ដីទិញឲ្យបន្ទប់ខុនដូ១ទៀត ឱ្យតម្លៃខ្ទង់ជិត១០ម៉ឺនដុល្លារថែមទៀត ដែលការដូស្ទួនពីស្វាមីនេះ ធ្វើឱ្យនាងសប្បាយចិត្តក្រៃលែង ខណៈដែលពេលនេះនាង ក៏ជាតារាលេងម៉ូដរថយន្ដមិនធម្មតាដែរ ព្រោះជិះឡានទំនើបៗ៣គ្រឿង ឆ្លាស់គ្នាមានដូចជាPorsche, Bmw និងRange Rover  ជាដើម។

សូមបញ្ជាក់ផងដែរថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយ អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ គឹម ហាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ អ្នកទាំងពីរ ភ្ជាប់ពាក្យមិនបានយូរប៉ុន្មានផង ស្រាប់តែប្រកាសថា ពេជ្រ សូលីកា មានផ្ទៃពោះ និងសម្រាលបានកូនប្រុស ម្នាក់កាលពីខែតុលា ឆ្នាំ ២០២០ ៕ ដោយ៖ ម៉ានី

Most Popular

To Top