ភ្នំពេញ៖ តារាស្រីរូបស្រស់សម្បូរស្នេហ៍ ហ្វី យ៉ាតា ក្រោយធ្លាយដំណឹងថា រកបានបុរសថ្មីស្អំបេះដូងជំនួស លោក ហេង ពិទូ ដែលទើបតែបែកគ្នា មិនទាន់បានប៉ុន្មានថ្ងៃផងនោះ កាលពីពេលថ្មីៗនេះ ស្រាប់តែបង្ហាញសកម្មភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ថ្មី ដែលជាជនបរទេស ធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ។

អ្នកមេម៉ាយកូនមួយ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ថ្មីៗនេះ បានបង្ហាញមុខមាត់ គូស្នេហ៍របស់នាងយ៉ាងច្បាស់ ព្រមទាំងលាយឡំសកម្មភាពស្នេហាផ្អែមល្ហែម ជាមួយគ្នាទៀតផង ដែលការនេះបានធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាមួយរយៈចុងក្រោយនេះ សង្កេតឃើញនាង ដូរមុខគូស្នេហ៍ដូចដូរសម្លៀកបំពាក់ ។
យ៉ាងណាក៏ដោយ ជុំវិញនឹងមូលហេតុដែលនាង ដូរមុខគូស្នេហ៍ឥតឈប់នេះ អតីតហ្វ្រេសស៊ីហ្គើល ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១០ ហ្វីយ៉ាតា តារាស្រីល្បី មានរូបរាងឡូយមានឈ្មោះពិត ថៃ នារីសុជាតា រូបនេះ ក៏ធ្លាប់បានបង្ហើរតាមហ្វេសប៊ុក របស់នាងថា ៖ « ហេតុអ្វីនៅពេលដែលមនុស្សស្រី ត្រូវឈឺចាប់ និងខូចចិត្ត ដោយសារស្នេហាកន្លងមក ដែលបោកប្រាស់ និងកុហកនាងហើយ នាងចាប់ផ្ដើមជាមួយនឹង អ្នកថ្មីតែងតែខុសអ៊ីចឹង ? ហេតុអ្វីមិនព្រមយល់ ពីនាងថានាង គឺជាជនរងគ្រោះ ហើយនាងត្រូវបានគេធ្វើបាប ផ្លូវកាយនិងចិត្តវាជារឿង ដែលល្អ ដែលនាងអាចរកបាន មនុស្សម្នាក់ទៀត មកមើលថែរបួស ដែលមានកន្លងមកបាន ? ហេតុអ្វីពេលដែលអ្នកឮថា មនុស្សស្រីម្នាក់នោះ ស្គាល់មនុស្សប្រុសច្រើន តែងតែជាមនុស្សស្រីអាក្រក់? ហេតុអ្វីអ្នកមិនប្ដូរផ្នត់គំនិត ការគិតរបស់អ្នក មកគិតថាមកពីនាងល្អពេក ទើបប្រុសព្រានទាំងអស់នោះ មិនអាចស៊ូនឹងការមើលថែ គ្រប់គ្រងនិងភាពស្មោះត្រង់ របស់នាងបាន ទើបធ្វើឱ្យពួកគេបែកបាក់គ្នា ហើយមនុស្សប្រុសទាំងអស់នោះ មានសិទ្ធិក្នុងការស្គាល់មនុស្សស្រីថ្មី ចុះហេតុអ្វីមនុស្សស្រី ដូចជាពួកយើងគ្មានសិទ្ធិ ក្នុងការបើកឱកាសឲ្យខ្លួនឯងស្គាល់ ជាមួយនឹងឱកាសថ្មីៗដែរ?» ។
ស្រីស្រស់និយមសិចស៊ី ហ្វ៊ីយ៉ាតា បានបន្ថែមទៀតថា «ត្រូវចាំមនុស្សប្រុសអាយុជិត 70ឆ្នាំ នៅយកប្រពន្ធក្មេង បានទាំងដែលមនុស្សគ្រប់គ្នាគិតថាមិនខុស តែបើមនុស្សស្រីយើងគ្រាន់តែ យកសង្សារអាយុក្មេងជាងតែ 1ខែ គេនិយាយដើមដល់ចាស់ ផ្នត់គំនិតនេះគួរតែផ្លាស់ប្ដូរទៅ ជីវិតអ្នកណាទុកឱ្យគេជាអ្នកត្រួសត្រាយជីវិតគេ យើងខ្លួនឯងមើលថែជីវិតខ្លួន យើងឱ្យតែល្អទៅបានហើយ» ។


គួរឱ្យដឹងផងដែរថា កាលពីប្រមាណជាង ៦ឆ្នាំមុន លោក ហេង ពិទូ និងអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាគូស្នេហ៍នឹងគ្នា ហើយក៏បានបែកគ្នាទៅវិញ ដោយម្នាក់ៗសុទ្ធតែមានអ្នកស្អំបេះដូងជាបន្តបន្ទាប់ ។ ហើយទើបតែមួយរយៈចុងក្រោយនេះ ទើបឃើញគេទាំងពីរ ត្រឡប់មកស្និទ្ធស្នាលគ្នាម្ដងទៀត ដែលជាហេតុនាំឱ្យមានការលើកឡើងថា ហេង ពិទូ និង ហ្វី យ៉ាងតា អាចនឹងវិលរកឆ្នាំងចាស់ ខណៈដែលទាំងពីរនាក់ធ្លាប់មានប្រវត្តិបង្កាត់ភ្លើង ស្នេហ៍ជាច្រើនរាប់មិនអស់ ។
យ៉ាងណាមិញ គ្រាន់តែដឹងថា ហេង ពិទូ និង ហ្វីយ៉ាងតា ស្រឡាញ់គ្នាបានមួយរយៈខ្លី ស្រាប់តែធ្លាយដំណឹងថា គេទាំងពីរចែកផ្លូវគ្នាទៅវិញ ដោយហេតុផលគឺលោក ហេង ពិទូ លួចលាក់មានស្រីកំណាន់ខាងក្រៅ សូម្បីតែលោក ហេង ពិទូ ផ្ទាល់ក៏បានសារភាព ពីទោសកំហុសនេះដែរ គឺព្រោះតែលោកសាវ៉ា ។ បន្ទាប់ពីនោះមក ស្រីស្រស់ ហ្វីយ៉ាតា បានប្រើជីវិតនៅម្នាក់ឯងមួយរយៈ ក៏ស្រាប់តែប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហាញមុខគូស្នេហ៍ថ្មី ជាជនបរទេស ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕ ដោយ៖ ម៉ានី



