សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ នាយ ក្រូច បង្ហាញផ្ទះវីឡាធំស្កឹមស្កៃ ជាលើកដំបូង ត្រៀមចូលរស់នៅនាពេលឆាប់ៗ

ភ្នំពេញ៖ លោក សេន សុប៊ុន ហៅ នាយក្រូច គឺជាតារាកំប្លែងប្រុស ដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបាន ការស្រឡាញ់គាំទ្រខ្លាំង ពីយុវវ័យគ្រប់ស្រទាប់ ជាមួយនឹងទេពកោសល្យ កំប្លុកកំប្លែង ជាពិសេសសព្វថ្ងៃ នាយកាន់តែទាញយកការចាប់អារម្មណ៍គាំទ្រ ពីមហាជនកាន់តែខ្លាំង តាមរយៈការសម្ដែង ជាតួអង្គមនុស្សចាស់ ឬធ្វើជាស្រវឹងជាដើម។

ទន្ទឹមនឹងភាពល្បីល្បាញនេះផងដែរ នាយក្រូច ក៏ត្រូវបានទស្សនិកកត់សម្គាល់ឃើញថា បើទោះជាលោករកចំណូលបានច្រើន ក្នុងអាជីពជាតារាកំប្លែងយ៉ាងណាក៏ដោយ ក៏ពុំដែលឃើញនាយ សម្ញែងទ្រព្យសម្បត្តិ ក៏ដូចជាភាពហ៊ឺហារ ដូចតារាសិល្បៈមួយចំនួនធំឡើយ ។ សូម្បីតែផ្ទះ ក៏នាយក្រូច មិនដែលបានបង្ហាញ នៅលើបណ្ដាញសង្គមដែរ ខណៈដែលតារាកំប្លែងរួមក្រុមដូចជា នាយ ពាក់មី និងក្មួយប្រុសបង្កើតគឺលោក ចឺម សុទ្ធតែត្រូវបានគេឃើញថា មានផ្ទះធំស្កឹមស្កៃ រៀងៗខ្លួន ។

ជាមួយគ្នានេះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ នាយ ក្រូច ស្រាប់តែបង្ហាញទិដ្ឋភាព ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលកំពុងដំណើរការ សាងសង់បានខ្ទង់ជាង ៥០ភាគរយ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ។

តាមរយៈរូបថតទិដ្ឋភាពផ្ទះវីឡា ដ៏ធំសម្បើមនេះផងដែរ នាយ ក្រូច ក៏បានបង្ហើបធ្វើឱ្យមហាជនកាត់យល់ថា ជាផ្ទះថ្មីរបស់នាយ ដែលត្រៀមនឹងចូលរស់នៅ នាពេលឆាប់ៗខាងមុខនេះ នេះបើយោងតាមនាយក្រូច បានសរសេរនៅលើគណនីហ្វេសប៊ុក របស់នាយយ៉ាងដូច្នេះថា «ជិតបានជួបជុំគ្នាហើយបងប្អូន» ។

គួរឱ្យដឹងថា នាយក្រូច មានឈ្មោះពិតថា សេន សុប៊ុន កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៧៩ នៅភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នាយក្រូច ជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ (ស្រី២ ប្រុស១) ដែលមានឪពុកឈ្មោះ ញ៉ែម ប៊ឿន អាយុ ៥៨ឆ្នាំ ជាគ្រូខ្មែរព្យាបាលជំងឺជាច្រើនមុខ និងម្តាយឈ្មោះ ឃឹម យ៉ាន អាយុ៦២ឆ្នាំ អតីតតួល្ខោនសព្វថ្ងៃជាស្ត្រីមេផ្ទះ ។ រីឯប្អូនស្រីពៅរបស់នាយ គឺនាង អ៊ីត ជាតារាកំប្លែងរួមក្រុមសព្វថ្ងៃ ដែលមានឈ្មោះពិតថា សេន ចិន្តា។

ដោយសារភាពលំបាកវេទនា នៃជីវភាព នាយ ក្រូច ដែលជាសិស្សពូកែម្នាក់ ក៏បានដាច់ចិត្តបោះបង់សាលាត្រឹមថ្នាក់ទី៨ ហើយក៏បានរត់ចូលសាងផ្នួសបម្រើសាសនា ដោយសម្រេចចិត្តថា នឹងប្រឹងបួសរៀនជាសង្ឃ អស់មួយជីវិត តែនិស្ស័យមិនដល់សាមណេរ ក្រូច បួសរៀនបានតែមួយឆ្នាំ ក៏បានសឹកវិញ ដោយសារតែឈឺរ៉ាំរ៉ៃខ្លាំងពេក ។

នាយ ក្រូច បានក្លាយជាតារាកំប្លែងប្រចាំទូរទស្សន៍ ស៊ីធីអិន និងបង្ហាញខ្លួនលើឆាកទូរទស្សន៍ដំបូង នាអំឡុងឆ្នាំ២០១០ ហើយក៏មានឱកាស បានក៏សាងភាពល្បីល្បាញ ជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន៕ ដោយ ៖ ម៉ានី

Most Popular

To Top