កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាចម្រៀង K-pop លោក Psy បានផ្តល់ឲ្យយើងនូវបទចម្រៀង ដ៏កក្រើកពិភពលោកជាមួយបទ Gangnam Style កាលឆ្នាំ ២0១២ បានប្រកាសថា លោកនឹងត្រឡប់មកកាន់ វិស័យសិល្បៈវិញ ជាមួយនឹងអាល់ប៊ុមថ្មី ដែលគ្រោងនឹងចេញផ្សាយ នៅចុងខែមេសា។
លោក Psy បានធ្វើសេចក្តីប្រកាស នៅលើបណ្តាញសង្គម ដោយប្រាប់អ្នកតាមដានថា លោកនឹងចេញអាល់ប៊ុមទី ៩ របស់លោក Psy 9th នៅថ្ងៃទី ២៩ ខែមេសា។ ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម របស់លោក លោកបានចែករម្លែកឃ្លីប ពីការប្រគុំតន្ត្រីឆ្នាំ ២0១៣ របស់លោក ដោយលោកបាននិយាយអំពីភាពជោគជ័យនៃការវាយលុកឆ្នាំ ២0១២ គឺ Gangnam Style ហើយបានព្យាករណ៍ថានឹងមានបទថ្មីនឹងមកដល់នៅឆ្នាំ ២0២២។
លោកបាននិយាយ ក្នុងឃ្លីបវីដេអូថា ខ្ញុំដឹងថាអ្នកជាច្រើន មានការរំពឹងទុកខ្ពស់ សម្រាប់បទចម្រៀងបន្ទាប់របស់ខ្ញុំ។ និយាយឲ្យត្រង់ទៅខ្ញុំបានផលិត Champion ២00២ ហើយវាត្រូវចំណាយពេល ១0 ឆ្នាំដើម្បីផលិតបទចម្រៀងស៊ីអារម្មណ៍ជាង Champion ជាមួយនឹងការចេញបទ Gangnam Styleកាលឆ្នាំ ២0១២។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងព្យាយាមនិយាយ គឺប្រហែលជានៅពេលក្រោយ អ្នកបានជួបនឹងបទចម្រៀងមួយដូចជា Gangnam Style នឹងមាននៅឆ្នាំ ២0២២។
តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះបានចេញអាល់ប៊ុមចុងក្រោយ កាលឆ្នាំ ២0១៧ គឺ Psy 8th 4X2=8 ។ លោកបានចាកចេញពីផលិតកម្ម YG Entertainment មួយឆ្នាំក្រោយមក ហើយបានបង្កើតស្លាកយីហោផ្ទាល់ខ្លួន របស់លោកគឺ P Nation កាលឆ្នាំ ២0១៩ ដែលតំណាងឲ្យទេពកោសល្យ ដូចជាតារាចម្រៀងរ៉េបកូរ៉េ-អាមេរិក និងតារាចម្រៀង Jessi, HyunA និងអតីតសមាជិក PENTAGON DAWN ៕ ដោយ៖លី ភីលីព