កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្ដិ៍ឈាម ត្រូវបានបង្ហាញឲ្យដឹង ចំពោះតារាសម្ដែង នាង Kim Sae Ron វ័យ ២១ ឆ្នាំដែលត្រូវបានចាប់ខ្លួន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលស្រវឹងនៅពេលមានគ្រោះថ្នាក់។
យោងតាមរបាយការណ៍របស់ TV Chosun កាលពីថ្ងៃទី ៣១ ខែឧសភា ស្ថានីយ៍ប៉ូលីស Gangnam ទីក្រុងសេអ៊ូលបានទទួលការជូនដំណឹង ពីវិទ្យាស្ថានជាតិកោសល្យវិច្ច័យថា លទ្ធផលតេស្តិ៍ឈាមរបស់នាង Kim Sae Ron ត្រូវបានបង្ហាញ ហើយកម្រិតជាតិអាល់កុលក្នុងឈាម របស់នាងគឺខ្ពស់គ្រប់គ្រាន់ សម្រាប់អាជ្ញាប័ណ្ណរបស់នាងត្រូវបានដកហូត។ ដូច្នេះហើយសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត។
នាង Kim Sae Ron ត្រូវបានចោទប្រកាន់ថា បានបើករថយន្ត SUV របស់នាងពេលស្រវឹងនៅ Gangnam-gu ទីក្រុងសេអ៊ូល វេលាម៉ោងប្រហែល ៨ ព្រឹកថ្ងៃទី ១៨ ដោយបានបុកដើមឈើតាមផ្លូវ និងប្រអប់ម៉ាស៊ីនបំប្លែងអគ្គិសនីមួយកន្លែង រួចរត់គេចខ្លួនពីកន្លែងកើតហេតុ។
គ្រោះថ្នាក់នេះបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅជុំវិញអស់រយៈពេល៤ម៉ោង ដោយសារបំផ្ទុះទុស្សេ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចាប់បានឈ្មោះ នាង Kim Sae Ron ចម្ងាយប្រហែល ៦៤០ម៉ែត្រ ពីទីតាំងកើតហេតុ។ នៅពេលចាប់ខ្លួន Kim Sae Ron មិនព្រមធ្វើតេស្តិ៍ខ្យល់ដង្ហើមទេ ហើយបានស្នើឲ្យនាំនាង ទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីពិនិត្យឈាម។
ចាប់តាំងពីគ្រោះថ្នាក់មក នាង Kim Sae Ron បានសរសេរសំបុត្រសុំទោស ដែលសរសេរដោយដៃ ចំពោះទង្វើរបស់នាង ហើយបានដកខ្លួនចេញ ពីការថតរឿងភាគថ្មីរបស់ Netflix រឿង “Hunting Dogs”៕ ដោយ៖លី ភីលីព