សិល្បៈ និង កម្សាន្ត

ខេមរៈ សិរីមន្ត ចេញមុខលើកទឹកចិត្ត អតីតបេក្ខជនប្រឡង ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ទុំ រដ្ឋា

ភ្នំពេញ៖ អតីតបេក្ខជនប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ទុំ រដ្ឋា ក្រោយពីបានធ្លាប់ក្នុងវគ្គ Judge Audition សប្ដាហ៍ទី៤ កន្លងទៅថ្មីៗនេះ បានធ្វើឱ្យការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ទៅកាន់គណៈកម្មការអ្នកជ្រើសរើស ដោយហេតុផលថា បេក្ខជនខាងលើ មានសមត្ដភាពច្រៀង បានយ៉ាងល្អ ប៉ុន្តែនៅតែមិនបានឱកាស ឈានចូលដល់វគ្គបន្តបន្ទាប់ទៀត ។

ជាមួយគ្នានេះដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គមឃើញ មានសកម្មភាពលើកទឹកចិត្ត យ៉ាងច្រើនដល់ អតីតបេក្ខជន ទុំ រដ្ឋា ត្បិតតែលោក ជាកូនកំព្រាឪពុកម្ដាយតាំងពីតូច ហើយសម្រាប់វត្តមានឡើងលើឆាក ប្រឡងចម្រៀង គឺមានច្រើនដងរួចមកហើយ ប៉ុន្តែបរាជ័យទាំងអស់ ដែលជាហេតុនាំឱ្យមហាជនបារម្ភខ្លាច លោកបាក់ទឹកចិត្ត លែងហ៊ានឈោងចាប់ក្ដីស្រម៉ៃ ដែលចង់ក្លាយជាតារាចម្រៀង ។

យ៉ាងណាមិញ មិនមែនមានត្រឹមតែមហាជន អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកទេ ដែលលើកទឹកចិត្តដល់ ទុំ រដ្ឋា សូម្បីតែតារាចម្រៀងលំដាប់ជួយមុខ ក្នុងប្រទេសគឺលោក ខេមរៈ សិរីមន្ត ដែលទើបតែទទួលបាន ងារជាឧកញ៉ាថ្មីៗនោះ ក៏បានចេញមុខលើកទឹកចិត្ត ដល់បុរសខាងលើផងដែរ ។ មិនតែប៉ុន្តែប៉ុណ្ណោះលោក ខេមរៈ សិរីមន្ត ថែមទាំងមានជាទឹកប្រាក់ ១០០០ដុល្លារ ជូនទៅដល់ ទុំ រដ្ឋា ទៀតផង ។

តាមរយៈសាររបស់កំពូលតារាចម្រៀង និងជាអ្នកជំនួញផ្នែកអចលនទ្រព្យខាងលើ បានឱ្យដឹងយ៉ាងដូច្នេះថា «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗ បងសូមលើកទឹកចិត្តប្អូន នៅថវិកា1000$ មានសមត្ថភាពពិត តស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»។

គួរឱ្យដឹងផងដែរថា អតីតបេក្ខជនប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ទុំ រដ្ឋា ក្នុងវគ្គ Judge Audition សប្ដាហ៍ទី៤ បានបង្ហាញវត្ត និងមានភាពជឿជាក់ ទៅលើការបកស្រាយបទចម្រៀងមួយបទ ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធិ មានចំណងជើងថា «ស្រឡាញ់ស្ទើលេប» ។ យ៉ាងណាក៏ដោយ ទោះជាមានទស្សនិកជនជាច្រើន ពេញចិត្តទៅលើសមត្ថភាពរបស់ ទុំ រដ្ឋា ប៉ុន្តែលោកបានទទួលពាក្យ «Yes» ចេញពីមាត់គណកម្មការតែ២ រូបប៉ុណ្ណោះ មានន័យថាលោកពុំអាច មានឱកាសបានឈានដល់វគ្គ បន្តបន្ទាប់ឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top