ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានឈានចូលវ័យ៣៩ ឆ្នាំហើយ ប៉ុន្តែបើនិយាយពីរឿង សម្រស់វិញ កំពូលតារាចម្រៀងរូបនេះ នៅស្រស់ស្អាតមិនចាស់ សោះពីមួយឆ្នាំទៅមួយឆ្នាំ ឯភាពល្បីល្បាញទៀតសោត នៅតែដក់ជាប់ចិត្ត មហាជន ។ ជាពិសេស ក្នុងឱកាសខួបរបស់ខ្លួន តារាចម្រៀងរូបនេះបានបង្ហោះ រូបភាពប៉ុន្មានសន្លឹក ដ៏ស្រស់ស្អាត មានទាំងស្បៃដូចកូនក្រមុំ ថែមទាំងមាន ចិញ្ចៀននៅលើដៃ នាងខាងឆ្វេង ទៀតធ្វើឱ្យមហាជនសង្ស័យថា ពេជ្រ សោភា អាចនឹងបញ្ចប់ភាព នៅលីវឬយ៉ាងណា?

ពេជ្រ សោភា បានរៀបរាប់យ៉ាងដូច្នេះថា «Happy birthday to me ឆ្នាំនេះ គឺថាសុំប្លែកបន្តិចហើយអ្នកដឹងបានដឹង អរគុណគ្រប់យ៉ាង ចំពោះភាពជឿជាក់នឹងនៅ មើលពីរក្រោយខ្នង តែងអោយកម្លាំងចិត្ត ខ្ញុំលែងមានសង្សារហើយ» ។ ក្រោយពីបង្ហោះសារ ក៏ដូចជារូបភាពបែបនេះហើយ ទាំងមិត្តរួមអាជីពសិល្បៈ និងអ្នកគាំទ្រ បានចូលទៅខំមិនជូនពរដល់ ពេជ្រ សោភា ដោយឆ្លៀត ទាំងខំមិនសួរថា «ពាក់ចិញ្ចៀនដៃនាង ខាងឆ្វេង មានន័យថាយ៉ាងណា?»
យ៉ាងណាមិញខាងលើនេះ គ្រាន់តែជាចម្ងល់ របស់មហាជន ទៅលើតារាចម្រៀង ពេជ្រ សោភា ប៉ុន្តែការពិតច្បាស់យ៉ាងណា នៅមិនទាន់បញ្ជាក់ជាផ្លូវការនោះទេ មានតែរង់ចាំតាមដានបន្តទៀត។

គួរបញ្ជាក់ផងដែរថា អ្នកមេម៉ាយរូបស្រស់ ពេជ្រ សោភា កាលពីដើមឆ្នាំ២០២២ លេចពាក្យចចាមអារ៉ាមស្នេហា ជាមួយតារាម៉ូឌែល យ៉ូស្វេ ដែលជាបេក្ខជនមួយរូប ធ្លាប់ចូលរួមប្រលងចម្រៀងកម្មវិធី «Beat The Best» ក្រោយពីបែកបាក់ស្នេហាជាមួយតារាសម្តែង ឈឹម សក្កដា ប្រមាណជា១ឆ្នាំ ខណៈដែរដើមខែកុម្ភៈ ឆ្នាំ២០១៥ រូបនាងបានចូលរោងការ ជាមួយអាណិកជន រស់នៅសហរដ្ឋអាម៉េរិក រហូតដល់ខែតុលា ឆ្នាំ២០១៦ ពេជ្រ សោភា បានបញ្ជាក់ថាបានលែងលះ ជាមួយស្វាមីហើយ ៕
ដោយ៖ ម៉ានី
