សិល្បៈ និង កម្សាន្ត

ពេជ្រ សោភា ឆេះដុំជាមួយសិស្សប្អូនម្នាក់ ប្រាប់ថា «បើធ្វើមិនបាន គឺមិនមែន ពេជ្រ សោភា»

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា កាលពីពេលថ្មីៗនេះ ស្រាប់តែ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង មានចម្ងល់ជាខ្លាំង ក្រោយបានឃើញអ្នកនាងបង្ហោះសារមួយហាក់ដូចជាបង្ហាញអារម្មណ៍ខឹងក្រោធ ទៅកាន់នរណាម្នាក់ ដែលនាងហៅថាជា «សិស្សប្អូន» ។

ត្បិតតែបង្ហាញបង្ហើបថា «សិស្សប្អូន» នោះជាអ្នកក្នុងសង្គមសិល្បៈ ឬមិនមែនក្ដី តែ ពេជ្រ សោភា បានប្រាប់ថា សិស្សប្អូននោះ មានចរិតឈ្លើយ ហើយទំនងធ្វើឱ្យក្ដៅក្រហាយខ្លាំងទើបបានព្រលយពាក្យមួយឃ្លាថា «នឹងប្រលែងវាតាមហ្នឹង…ធ្វើមិនបាន គឺមិនមែន ពេជ្រ សោភា» ។

នៅក្នុងសារដែលបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុក ម្ចាស់បទ «ទ្វារបេះដូង» បានសរសេរសាររៀបរាប់ថា ៖ «ក្នុងនាមខ្ញុំជាសិស្សច្បង ខ្ញុំតែងយកពាក្យមួយមកដាក់ក្នុងខួរក្បាល ខ្ញុំជួយខ្លួនឯងឱ្យបាន ៩៩% តែបើសិស្សប្អូនឈ្លើយប្រលែងវាតាមហ្នឹង តែបើចរិតល្អជួយដល់ថ្ងៃស្លាប់ បងប្រាប់អូនឱ្យយល់ ត្រៀមៗ ធ្វើមិនបាន គឺមិនមែន ពេជ្រ សោភា (ខ្ញុំមិនចេះនិយាយកាត់បងៗទេជាពិសេស គឺបងភា)»។

ខណៈនោះដែរ ក្រោយឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម អ្នកសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់កំពូលតារាស្រីរូបនេះ ក៏កំពុងតែធ្វើការខមមិនសួរនាំ និង វែកញែកជុំវិញរឿងវ៉ាវខាងលើនេះទៅកាន់អ្នកនាងគ្រប់គ្នាផងដែរ៕

ដោយ៖ ម៉ានី

Most Popular

To Top