ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីរដួង នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកន្លងមកទស្សនិកជន បានដឹងរួចមកហើយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ ស្រាប់តែថ្ងៃនេះគេទាំងពីរនាក់ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។

គូស្នេហាតារារួមទ្រនំ ទាំងពីរដួងខាងលើនេះផងដែរ គ្មាននរណាក្រៅតែពីលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ឡើយ ដោយពួកគេបានមានទំនាក់ទំនងស្នេហាជាមួយគ្នា យ៉ាងបើកចំហផ្ទុយពីតារាមួយមំនួន ដែលចូលចិត្តលាក់បាំងអំពីទំនាក់ទំនងស្នេហ៍ជាមួយគ្នា ។
ចាំបានថា សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ បានទម្លាយអំពីទំនាក់ទំនងស្នេហា៍របស់ពួកគេ តាមរយៈបណ្ដាញសង្គមកាលថ្ងៃ ទិវាក្ដីស្រឡាញ់ ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ។ ហើយចាប់តាំងពីពេលនោះ មកពួកគេក៏បានបង្ហាញសកម្មភាពផ្អែមល្ហែម អនុស្សាវរីយ៍ល្អៗជាមួយគ្នា រហូតធ្វើឱ្យអ្នកគាំទ្រចង់ឃើញចំណងស្នេហា របស់គេកាន់តែរឹងមាំ ពោលគឺរំពឹងថា ពួកអាចនឹងមានដំណឹងល្អឆាប់ៗ ។

ដូចការរំពឹងទុកមែន ទីបំផុតនាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយបានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយធ្វើពិធីភ្ជាប់ពាក្យយ៉ាងធំមួយ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាតារារៀមច្បងជាច្រើនរូបផងដែរ ។ ហើយយ៉ាងណាមិញ Lookingtoday នៅមិនទាន់ទទួលបានព័ត៌មានថា តើអតីតបេក្ខភាពប្រឡង The Voice Cambodia រដូវកាលទី១ កញ្ញា ប៉ាច គីមមួយ និងតារាចម្រៀងប្រុសទ្រនំភ្លេងរីខត ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស លោក សយ រតនៈ នឹងរៀបការនៅថ្ងៃណាឡើយ ៕ ដោយ៖ ម៉ានី



