ភ្នំពេញ៖ ត្បិតតែមិនមានឈ្មោះ ជាតារាសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តារាក្នុងបណ្ដាញសង្គម ក៏ដូចជាយូធូប រូបនេះកំពុងទាក់ទាញប្រជាប្រិយភាពខ្លាំង និងធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្របុរសៗចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតផូផង់ សាច់សខ្ចីដូចសំឡី រាងតូចស្រឡូន កាយវិការម្ញ៉ិកម្ញ៉ក់ គួរឱ្យខ្នាញ់របស់នាង ។
កញ្ញា អ៊ីតូហ្សា (Etozaa) ដែលបច្ចុប្បន្នកំពុងផ្ទុះការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គមនេះ បានក្ដោបក្ដាប់ទីផ្យាជាអ្នកផ្សព្វផ្សាយប្រូម៉ូតផលិតផលជាច្រើន ដែលជោគជ័យនេះត្រូវបានគេដឹងថា ដោយសារនាងបានចូលក្រុមសម្ដែងរឿងខ្លីៗជាមួយលោក ផាន់ រ៉ុង រួមជាមួយកញ្ញា នែប ព្រំរិទ្ធិកា ។
ជាមួយគ្នានេះដែរស្រីស្អាត អ៊ីតូហ្សា ក៏ត្រូវបានអ្នកនិយមលេងហ្គេមអនឡាញជាច្រើនស្គាល់យ៉ាងច្បាស់ថា នាងក៏ជាអ្នកឡាយហ្គេម (Game Streamer) មួយរូបដ៏ល្បីឈ្មោះផងដែរ ហើយនាងក៏បានវិវឌ្ឍខ្លួនបន្តិចម្ដងៗ ចូលប្រឡូកក្នុងវិស័យសម្ដែង រហូតទទួលបានជោគជ័យ ។
យ៉ាងណាមិញរហូតមកទល់ពេលនេះ អ៊ីតូហ្សា នៅមិនទាន់បានបង្ហាញមុខនៅក្នុងរង្វង់សិល្បៈ ដូចកញ្ញា នែប ព្រំរិទ្ធិកា ឡើយ ប៉ុន្តែភាគរយគឺមានច្រើនសម្រាប់នាងនាថ្ងៃខាងមុខ ។ នេះបើយោងតាមប្រជាប្រិយភាពជាក់ស្ដែងរបស់នាង ។
សូមបញ្ជាក់ថា កញ្ញា អ៊ីតូហ្សា បានចាប់ក្រុមជាមួយតារាយូធូបល្បីឈ្មោះគឺលោក ផាន់ រ៉ុង និងចាប់ផ្ដើមចេញជាវីដេអូសម្ដែងនាកំលុងឆ្នាំ ២០២០ ដោយទទួលបានការចាប់អារម្មណ៍យ៉ាខ្លាំង ។
បច្ចុប្បន្ននេះត្បិតតែនាង ពុំទាន់បានប្រាប់ជាសាធារណថាមានម្ចាស់បេះដូង ឬអត់ ក្ដី ប៉ុន្តែបើតាមការសន្និដ្ឋានពីសំណាក់អ្នកគាំទ្រ គឺទំនងនាងកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកម្លោះរូបសង្ហាម្នាក់ ដែលតែងតែឆ្លងឆ្លើយគ្នាជាមួយភាសាអូន បង ពេញៗមាត់ ៕ដោយ៖ ម៉ានី








