ភ្នំពេញ៖ បេក្ខជនឆ្នើមក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ និង លីម តិចម៉េង រងការរិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រ BTS បន្ទាប់ពីប្រើពាក្យប៉ះពាល់ ដល់ក្រុមចម្រៀងនេះ ក្នុងឆ្នាំ២០២០ ខណៈពាក្យរិះគន់ផ្ទុះខ្លាំងពេក អ្នកទាំងពីរ ចេញសារសូមទោសទាំងយប់។
ដូចមហាជនជ្រាបមកហើយថា បេក្ខជន លីម តិចម៉េង និង ថុល សុភិទិ ជាបេក្ខជន ជើងខ្លាំងនៅក្នុងកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ហើយថ្មីនេះៗអ្នកទាំងពីរ ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ក្រុមចម្រៀងកូរ៉េខាងត្បូង BTS ក្រោយសារចាស់ៗ ក្នុងឆ្នាំ២០២០ វាយប្រហារទៅលើ BTS ។
ក្នុងសំណេរពីអតីតកាលរបស់ ថុល សុភិទិ បានសរសេរជាអក្សរឡាតាំង ដែល មានន័យថា «ដកអាBTSហ្នឹងចេញបានអត់?» ទៅលើសារព័ត៌មានមួយ និយាយពី «ម្ចាស់តំណែងប្រុសសង្ហាដាច់គេ លើពិភពលោកទាំង១០»។ ចំណែកឯ លីម តិចម៉េងវិញ បានវាយប្រហារពាក្យសម្តីថា «លើសហើយអាថ្មិលអត់សាសនាអើយ ដូនតាហែងជាប់សាច់ញាតិ BTS ហែងមិនឆាប់រើបង្វិចចេញពី ទឹកដីអញទៅ..»។
យ៉ាងណាមិញ បន្ទាប់ពីមានពាក្យរិះគន់យ៉ាងក្លៀវក្លា នៅយប់ថ្ងៃទី១២ ខែសីហា ទាំង សុភិទិ និង តិចម៉េង បានចេញសំណេរសូមទោសទាំងយប់។ ក្នុងនោះ ខ្លឹមសាររបស់ ថុល សុភិទិ បានរៀបរាប់ថា «បើសិនជាមានការ ប៉ះពាល់ មិនល្អកន្លែងណាមួយ ខ្ញុំបាទ ភិទិ សូមអភ័យទោស ផង ។ រឿងយូរហើយខ្ញុំបាន លុបវា ចោលហើយដើម្បី កុំឱ្យការប៉ះពាល់ ដល់ចិត្តអ្នកទាំងអស់គ្នា»។
ងាកទៅកាន់ តិចម៉េង វិញបានសរសេរថា «សុំទោសបងប្អូនជនរួមឈាមទាំង អស់គ្នា បើអតីត កាលរបស់ខ្ញុំប៉ះពាល់ដល់អារម្មណ៍ បងប្អូនទាំងអស់គ្នា ។ ពីខ្ញុំបាទ: លីម តិចម៉េង »៕ ដោយ៖ ម៉ានី