ភ្នំពេញ ៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ទទួលដំណឹងថា តារាកំប្លែង នាយ ខាត់ ចំរើន ត្រូវជាប្អូនប្រុស អ្នកនាង ខាត់ សុឃីម បានបញ្ជូលទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ព្រោះតែស្ថានភាពជំងឺខូចក្រលាន និងក្រិនថ្លើម ធ្វើទុក្ខខ្លាំង ។ ជាមួយនឹងការជូនពរពីមហាជន ក្នុងនោះក៏មាន អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បាន លើកឡើងថាការដែលលោក ចំរើន ពេលឈឺ ហើយបង្ហោះនៅលើបណ្តាញសង្គម ដោយសារតែចង់សុំជំនួយពីមហាជន ទើបធ្វើឱ្យអ្នកនាង ខាត់ សុឃីម ត្រូវជាបង ឈឺចិត្តស្អិតទ្រូង ចេញសំណេរមកពីសហរដ្ឋអាម៉េរិកថា គ្រួសាររបស់អ្នកនាង មានជីវភាពសមរម្យ មិនត្រូវការដង្ហោយសុំជំនួយឡើយ ។

នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលកំពុងតែស្ថិតនៅទឹកដីសហរដ្ឋអាម៉េរិក បានបញ្ចេញសារ អក់អន់ចិត្តជាខ្លាំង បន្ទាប់ពីអ្នកមួយចំនួននៅតែគិតថា អ្នកសិល្បៈឱ្យតែឈឺ បង្ហោះនៅលើបណ្តាញសង្គមព្រោះចង់បានជំនួយ។ អ្នកនាងខាត់ សុឃីម បានសរសេរថា «ខមមិនដ៏សែនខ្លោចផ្សាសំរាប់ (ខ្ញុំជាបងស្រីនឹងជាសិល្បៈខ្មែរ) ជំរាបសួរ បង ប្អូនខ្ញុំ គ្នាមិនបាន ស្រែករក ជំនួយអីទេ (ក្នុងនាម ពួកខ្ញុំ ជា បងប្អូន ពួកយើងមានជីវភាព សមរម្យ អាចជួយគ្នា បាន)តែបើ បងប្អូនខាងក្រៅគាត់មានចិត្តស្រលាញ់អាណិត ប្អូនខ្ញុំ(ខាត់ ចំរើន) ចង់ជួយគាត់ ក៏ជួយចុះ ពួកខ្ញុំ សូមអរគុណគាត់ច្រើន» ។

តារាចម្រៀងខាងលើបន្តថា «ហើយបងដឹងទេថា ពួកខ្ញុំ រាល់ថ្ងៃ ដោយសារ តែមិនចង់ឱ្យគេ និយាយថា ឈឺសុំជំនួយនេះហើយទើបខំរកស៊ី ធ្វើការទាំងយប់ថ្ងៃ គ្រប់ ពេលទាំងមិនដែលទំនេរទេបងដើម្បី ឈឺមានមានលុយមើលខ្លួន សូមបងមុននឹង ខមមិន សូមបង ពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះ មានគំនិតនឹង អ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ (ខ្ញុំរៀនបានតិច ហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏ មិនយកពេល ទៅអង្គុយ ចាំខមមិនរឺថាឱ្យ អ្នកណាមួយឱ្យឈឺចាប់ដែរ»៕



ដោយ៖ ម៉ានី
