ភ្នំពេញ ៖ មួយរយៈមុន តារាកំប្លែង នីឡា បានបញ្ចេញ សារថាខ្លួនកំពុង បាក់ទឹកចិត្ត ក្រោយពីសម្រាល កូនដំបូងរួច ដែលធ្វើឱ្យមហាជន ព្រួយបារម្ភពីសុខទុក តារាស្រី រូបនេះ និងបាន លើកទឹកចិត្តនាងឱ្យរឹងមាំ ។ យ៉ាងណា បន្ទាប់ពីសម្រាលបាន ជាង២ខែ តារាកំប្លែងរូបនេះ រូតរះត្រលប់ មកអាជីពសិល្បៈផងដែរ ។

ទោះយ៉ាងណានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្រាប់តែស្វាមី តារាកំប្លែងខាងលើ លោក ស៊ុត សក្ការៈ បានបញ្ចេញសារថា លោកចង់គិតខ្លីជាយូរណាស់ មកហើយ តែមានកូនចិត្តមួយ ជួយអូសទាញមកហើយ ។

លោកបានរៀបរាប់ យ៉ាងដូច្នេះថា «2020-2021-2022 តែងតែប្រាប់ខ្លួនឯងថាត្រូវតែស៊ូ ។ អ្វីដែលគិតតែងតែ មិនបានដូចក្តីបំណង មកដល់ឥឡូវនេះ ក៍នៅតែដដែល ចង់គិតខ្លី ជាយូរណាស់មកហើយ ប៉ុន្តែមានកូន ចិត្តមួយតែងតែអូស មកវិញរហូត ។….. ខ្ញុំជាមនុស្សមុខពីរ ដែលបងប្អូនមិត្តភ័ក្ដិឃើញ តែភាពរីករាយរបស់ខ្ញុំ តែមិនដែលឃើញថា ខ្ញុំជាមនុស្សស្មុគស្មាញគិតច្រើន ។ ចូលចិត្តនៅក្នុងបន្ទប់ ព្រោះជាកន្លែងស្ងប់ស្ងាត់សំរាប់ខ្ញុំ»។
ក្រោយពីស្វាមី បានបញ្ចេញសារចង់សម្លាប់ នឹងកំពុងមានជំងឺ បាក់ទឹកចិត្ត តារាកំប្លែង នីឡា បានបញ្ចេញសារ លើកទឹកចិត្តស្វាមីថា «
កុំគិតច្រើន បងជិវិត យើងនៅមានពេលច្រើនទៀត ដោយសារពួកយើង ទើបតែចាប់ផ្ដើមវាយើងធ្វើបានប៉ុណ្ណឹង ក៏ទុកថាល្អសម្រាប់យើងដែរ ប៉ុន្មានឆ្នាំ មកនេះដោយសារពួកយើងរង់ចាំការ សន្យា នឹងក្ដីសង្ឃឹម ដែលគេផ្ដល់អោយយើង ទើបយើងបណ្តោយ ពេលវេលាចោលអត់ប្រយោជន៍! ។ ពីមួយឆ្នាំទៅមួយឆ្នាំយើង ទទួលបាននៅបទពិសោធន៍ ច្រើនហើយវាក៏បង្រៀន យើងអោយរឹងមាំនឹងដឹងច្រើនជាងមុនថា កុំរស់នៅដោយសារការផ្ដល់សង្ឃឹមក្លែងក្លាយ…វាឈឺចាប់ជាងមុតកាំបិត ..»។

តារាកំប្លែងរូបនេះ បន្តទៀតថា «បងជាប្ដីល្អណាស់ ដែលពិបាកចិត្ត យ៉ាងណាក៏មិនជះកំហឹង ដាក់ប្រពន្ធរឺក៏អោយប្រពន្ធ មកលំបាកជាមួយបង បើយើងនៅមានក្ដីស្រមៃយើង ត្រូវតែរស់នៅ ដើម្បីបំពេញក្ដីស្រមៃយើង! ជិវិតជួបបញ្ហាច្រើនវានឹងបង្រៀន យើងអោយរឹងមាំច្រើន…បរាជ័យ នឹងជោគជ័យ គឺដើរទន្ទឹមគ្នា អោយតែយើងខំ1 ថ្ងៃក៏អាចជោគជ័យបានគ្រប់បញ្ហា តែងតែមានដំណោះស្រាយជួប1រឿង ដោះ1រឿង ទើបយើងរឹងមាំ នឹងក្លាហាន ក្នុងការដោះស្រាយបញ្ហាជិវិត»៕
ដោយ៖ ម៉ានី
