តារាចម្រៀងរ៉េប កំពុងពេញនិយម វណ្ណដា បានប្រកាសប្រាប់ក្រុមអ្នកគាំទ្រ របស់ខ្លួនថ្មីៗនេះថា លោកទៅប៉ះជាមួយតារាចម្រៀងរ៉េប លំដាប់ខ្ពស់របស់ជប៉ុនឆាប់ៗនេះ ។
នេះជាសមិទ្ធផលថ្មីទៀត បន្ទាប់ពីលោកបានសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាច្រើនរួចមកហើយ ។ សម្រាប់បេសកកម្មថ្មីនេះ ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរទេ តារាចម្រៀងរ៉េបរបស់យើង នឹងត្រូវហោះទៅជប៉ុន សម្រាប់កម្មវិធីនេះ នាពាក់កណ្ដាលខែក្រោយ ។
វណ្ណដា សរសេរប្រាប់ក្រុមអ្នកគាំទ្រ របស់ខ្លួនថា “ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ” ។
បេសកកម្មលើទឹកដី ក្រុមសាមូរ៉ៃលើកនេះ វណ្ណដា របស់កម្ពុជា ត្រូវឡើងឆាកតន្ត្រីប៉ះជាមួយកំពូលតារាចម្រៀងរ៉េប ស្រស់ស្អាតជប៉ុន Awich ជាតារាដ៏ល្បីរបស់ជប៉ុន ហើយនេះគឺជាបទពិសោធន៍ថ្មី បំផុតរបស់តារារ៉េបកម្ពុជា
។ ម្ចាស់បទ “Time to Rise” លើកឡើងថា “នេះជាលើកដំបូង ដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន”។
នេះមិនមែនជាលើកដំបូង ដែលវណ្ណដាបានទៅជាន់ដីប្រទេសជប៉ុន ប៉ុន្តែជាលើកដំបូងដែលតារារ៉េប ទៅក្នុងបេសកកម្មការងារផ្នែកតន្ត្រី។ ព្រោះថា កន្លងមកគេធ្លាប់ឃើញ វណ្ណដា ទៅដើរកម្សាន្ត ក្នុងលក្ខណៈឯកជនម្ដងរួចមក ហើយនាពេលកន្លងមក។
ប្រសិនបើមិនមានអ្វី ថ្ងៃទី ១៦ កក្កដា វណ្ណដា នឹងជួបអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរ យើងដែលរស់នៅទីនោះហើយ!