សិល្បៈ និង កម្សាន្ត

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា៖ ការប្រកួតជម្រុះថ្នាក់តំបន់កម្មវិធី K-Pop World Festival ធ្វើឡើងជាផ្នែកមួយ ​នៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ​ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣។

កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគ្រប់គ្រងដំណើរការកម្មវិធីដោយ K’ve Entertainment និងឧបត្ថម្ភដោយក្រុមហ៊ុនចំនួន ៨ ដោយក្នុងនោះក៏រួមមាន ទាំងក្រុមហ៊ុនកូរ៉េផងដែរ ដែលជាហេតុនាំឱ្យព្រឹត្តិការណ៍លើកនេះ កាន់តែមានភាពសម្បូរបែបជាងឆ្នាំមុនៗ។

លើសពីនេះទៀត ដើម្បីគាំទ្រដល់ពិព័រណ៍ពិភពលោកប៊ូសាន ឆ្នាំ២០៣០ សកម្មភាពផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកប៊ូសាន ឆ្នាំ២០៣០ ត្រូវបានធ្វើការបញ្ចាំងវីដេអូផ្សព្វផ្សាយ ពាក់ព័ន្ធនៅនឹងកន្លែងកម្មវិធីផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួម ប្រកួតសរុបចំនួន ៥០ ក្រុម សរុបមានបេក្ខជន-បេក្ខនារី ចំនួន ១៥២រូប រួមជាមួយនឹងក្រុមម្ចាស់ជ័យលាភី និងក្រុមម្ចាស់ជ័យលាភីរង នៅក្នុងកម្មវិធីប្រកួតរបស់ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចំនួន២ក្រុមទៀត សរុប ទាំងអស់មានចំនួន១២ក្រុម បានឡើងមកប្រកួតនៅវគ្គជម្រុះប្រចាំតំបន់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការស្រលាញ់ ព្រមទាំងការតស៊ូ ខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ភាពស្ទាត់ជំនាញ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន។

បន្ទាប់ពីការប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញមក ‘REONCE’ បានឈ្នះជើងឯកតាមពីក្រោយដោយ ‘The Bling ‘ នៅចំណាត់ថ្នាក់លេខ ២ និង ‘Sunday Taekwondo Team’ នៅចំណាត់ថថ្នាក់លេខ ៣។ អ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ទី ២ និងទី ៣ ដែលត្រូវបានជ្រើសរើស ក្នុងវគ្គជម្រុះប្រចាំតំបន់ នៅព្រះរាជាណាចក្រកម្ពុជា នឹងមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ K-Pop World Festival លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Changwon ខេត្ត Gyeongsangnam-do ប្រទេសកូរ៉េ ក្នុងខែតុលាខាងមុខនេះ។

លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះអាចបញ្ជាក់​ ពីស្មារតីពុះកញ្ជ្រោលរបស់យុវជនកម្ពុជា ហើយលោករំពឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀត តាមរយៈវិស័យ K-pop ដែលបានក្លាយជាវប្បធម៌ របស់មនុស្សជាតិលើពិភពលោក។

ទន្ទឹមគ្នានេះដែរ ក្នុងព្រឹត្តិការណ៍នេះ ព្រះនាង នរោត្តម ជេនណា ចូលរួមជាភ្ញៀវកិត្តិយស និងបានបង្ហាញការសម្តែងពិសេស ហើយអត្តពលិក ប៊ូ សំណាង កីឡាការិនីរត់ចម្ងាយ ៥,០០០ម៉ែត្រ ដែលបានបង្ហាញភាពអត់ធ្មត់ ទោះបីមានភ្លៀងធ្លាក់ខ្លាំង ក៏នៅតែតស៊ូរត់រហូតដល់ទីបញ្ចប់ មិនបោះបង់ការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏បានចូលរួមជាភ្ញៀវពិសេស និងទទួលបានការសាទរផងដែរ។

លើសពីនេះទៀត នៅដើមកម្មវិធី ស្ថានទូតនៃសាធារណរដ្ឋកកូរ៉េ ប្រចាំកម្ពុជា ចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ដើម្បីសកម្មភាពផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ។

Most Popular

To Top