បារាំង ៖ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យជាផ្លូវការថា តារាចម្រៀង តារាសម្ដែង និងវិចិត្រករជនជាតិ អង់គ្លេស-បារាំង លោកស្រី Jane Birkin បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ នៅទីក្រុងប៉ារីស ក្រោយលោកស្រី មានបញ្ហាសុខភាព ជាច្រើនរាប់មិនអស់ ។
Le Parisien បាននិយាយថា វិចិត្រករជនជាតិអង់គ្លេស-បារាំង ដែលបានលេចមុខជារូបតំណាងស្ទីល ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ សម្រាប់រូបរាងឡូយ bohemian របស់នាង និងពេញនិយមកាបូប Hermes Birkin ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ របស់លោកស្រីក្នុងរដ្ឋធានីបារាំង ។
កាលខែឧសភា លោកស្រី Birkin បានលុបចោលការប្រគុំតន្ត្រីជាច្រើនដោយលើកឡើងពីហេតុផលសុខភាព។ លោកស្រី បាននិយាយនៅពេលនោះថា ខ្ញុំតែងតែជាអ្នកសុទិដ្ឋិនិយមដ៏អស្ចារ្យ ហើយដឹងថាខ្ញុំនៅតែត្រូវការពេលតិចតួច ដើម្បីអាចសម្តែងនៅលើឆាកម្តងទៀត និងជាមួយអ្នក ។
តារាស្រីរូបនេះបាន រងរបួសដាច់សរសៃឈាម ក្នុងឆ្នាំ២០២១ ហើយធ្លាប់បានទទួលការព្យាបាល ក្រោយពីត្រូវបានគេរកឃើញថា មានជំងឺមហារីកឈាម កាលឆ្នាំ២០០២ ។ លោកស្រី Birkin កើតនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៤៦ បានផ្លាស់ទៅប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ក្នុងពេលជាមួយគ្នានោះ លោកស្រីបានចូលប្រឡូក ក្នុងវិស័យភាពយន្ត រួមទាំងតួនាទីតូចមួយ ប៉ុន្តែរឿងអាស្រូវក្នុងរឿង ‘Blowup’ របស់ Michelangelo Antonioni ។
បន្ទាប់ពីអាពាហ៍ពិពាហ៍ដំបូង របស់លោកស្រីជាមួយអ្នកនិពន្ធ John Barry លោកស្រីបានជួបតារាចម្រៀង Serge Gainsbourg ត្រូវបានគេចាត់ទុកថា ជាឥស្សរជនដ៏សំខាន់បំផុតមួយ នៅក្នុងប៉ុបបារាំង ។
ពួកគេបានរួមគ្នាបង្កើត ក្រុមចម្រៀងមួយ គូដែលល្បីបំផុត សម្រាប់បទ ‘Je t’aime… Moi non plus’ នៅពេលនោះ បានបង្ក ឲ្យមានការរំជើបរំជួល ដោយសារតែភាពអាសអាភាសរបស់ខ្លួន ហើយត្រូវបានស្ថានីយវិទ្យុ ក្នុងប្រទេសមួយចំនួន ហាមឃាត់។ នៅឆ្នាំ ១៩៧៦ Gainsbourg បានដឹកនាំ Birkin នៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនា មានឈ្មោះដូចគ្នាដែលលោកស្រីត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុត Cesar ៕
ដោយ៖លី ភីលីព