ប៉ូលីសបានចេញសេចក្ដីថ្លែងការណ៍ នៅមុននេះថា តារាសម្ដែង Lee Sun Kyun បានទទួលមរណភាពហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ដល់ទៅកាន់ សារព័ត៌មាន SPOTV បានឲ្យដឹងថា កម្លាំងប៉ូលីសបានបញ្ជាក់ ពីអត្តសញ្ញាណរបស់បុរស ដែលបានស្លាប់នៅក្នុងរថយន្តហើយ ដោយម្នាក់នោះ គឺជាតារាសម្ដែង Lee Sun Kyun។ រថយន្តរបស់លោកត្រូវបាន គេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល ។
ភ្នាក់ងារប៉ូលីសបញ្ជាក់ថា៖ «យើងបានកំណត់អត្តសញ្ញាណបុរស ដែលបានស្លាប់នោះជាតារាសម្ដែង Lee Sun Kyun»។
នៅព្រឹកថ្ងៃដដែល មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានសេចក្តីរាយការណ៍ថា Lee Sun Kyun ត្រូវបានគេប្រទះឃើញក្នុងរថយន្ត ប៉ុន្តែពេលគេហៅលោកមិនបានឆ្លើយតបអ្វីទាំងអស់។
គួរបញ្ចាក់ថា លោក Lee Sun Kyun ត្រូវស្ថិតក្រោមការស៊ើបអង្កេត ចាប់តាំងពីខែតុលា ឆ្នាំមុន ពីបទប្រើប្រាស់គ្រឿងញៀន ដោយលោកបានបដិសេធការចោទប្រកាន់នេះថាពុំបានប្រព្រឹត្តទេ។ ចំពេលការស៊ើបអង្កេតដែលកំពុងបន្ត លោក Lee បានស្នើសុំការធ្វើតេស្ត polygraph ពីប៉ូលីសកាលពីម្សិលមិញ (ថ្ងៃទី ២៦ ខែធ្នូ)។
នៅថ្ងៃទី ២៣ ក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលីសជាលើកទី ៣ លោកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថាប៉ូលីសនឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំ និងអ្នកបោកប្រាស់ (blackmailer) ដែលទទួលខុសត្រូវចំពោះសេចក្តីថ្លែងការណ៍របស់ពួកគេ»៕