ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ការប្រកួតប្រជែងស្នាដៃសិស្ស-និស្សិត ជាលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នៃកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩” នៅប្រទេសក្រូអាត នៅថ្ងៃទី១២-១៦ វិច្ឆិកា កន្លងទៅនេះ មាននិស្សិតសាកលវិទ្យាល័យន័រតុន បានចូលរួមប្រកួតប្រជែង ហើយទទួលបានពានរង្វាន់ និងមេដាយ ជាច្រើនត្រឡប់មកកម្ពុជាវិញ ។
លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា នៃសាកលវិទ្យាល័យ ន័រតុន បានផ្ដល់កិច្ចសម្ភាន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា និស្សិតន័រតុន ទទួលជ័យលាភី ក្នុងកម្មវិធីគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ប្រចាំឆ្នាំ២០១៩ នៅក្រូអាត នាពេលកន្លងទៅនេះ គឺជាមោទកភាពយ៉ាងខ្លាំងសម្រាប់កម្ពុជា ។
លោកស្រីមានប្រសាសន៍ថា “ទាំងនេះជាមោទកភាពសម្រាប់សាកលវិទ្យាល័យន័រតុន ក៏ដូចជា ប្រទេសកម្ពុជាដែលកូនខ្មែរសម័យនេះបានបង្កើតស្នាដៃថ្មីៗ ដើម្បីបានចូលរួមប្រកួតប្រជែងស្នាដៃ នៅក្នុងប្រទេសអន្ដរជាតិ ជាពិសេស ប្រទេសក្រូអាតល្បីខាងបាលទាត់ ហើយយើងចូលរួមនេះ ក៏ជាលើកទីមួយដែរ”។
លោកស្រីបន្ដថា កម្មវិធី ប្រកួតប្រជែងស្នាដៃសិស្ស-និស្សិត ជាលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ “ គំនិតច្នៃប្រឌិត និងបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩” មានជាង១០ប្រទេស ដែលបានចូលរួម។ លោកស្រីថា ភាគច្រើនប្រទេសប៉ែកអឺរ៉ុប បើប៉ែកអាស៊ីវិញ រួមមាន ៖ កម្ពុជា ,ឥណ្ឌូនេស៊ី ,វៀតណាម ,ម៉ាឡេស៊ី ,តៃវ៉ាន។
និស្សិតមកពីសាកលវិទ្យាល័យន័រតុន ឈ្មោះ សារៈ ភិន ទទួលពានផ្នែកស្ថាបត្យកម្មបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំមានអារម្មណ៍សប្បាយរីក ចំពោះជ័យលាភីនាពេលនេះ ពីព្រោះនេះជាលើកដំបូងសម្រាប់ក្រុមរបស់យើងខ្ញុំ ដែលបានទៅប្រកួតប្រជែងនៅប្រទេសក្រូអាត ហើយទទួលបានជ័យលាភី ត្រឡប់មកកម្ពុជាយើងវិញ”។
ចំណែក កញ្ញា ហេង វ៉ាងស្រីនុន ផ្នែកកុំព្យូទ័រវិទ្យា បានថ្លែងថា ការប្រកួតប្រជែងស្នាដៃសិស្ស-និស្សិតប្រចាំឆ្នាំ២០១៩ នៅក្រូអាត ក្រុមរបស់ពួកគាត់បានខិតខំប្រែងយ៉ាងខ្លាំង ដើម្បីបង្ហាញសមត្ថភាពឲ្យអន្ដរជាតិបានដឹងកូនខ្មែរខ្លាំងប៉ុណ្ណា? ។ កញ្ញាថា គម្រោងក្រុមរបស់ខ្លួនបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយ ជាលទ្ធផលពួកគាត់ទទួលបានពានជាច្រើន សម្រាប់ជូនកម្ពុជា ។
គួរបញ្ជាក់ផងដែរ ថា ការចូលរួមលើកនេះកម្ពុជាបាននាំយកស្នាដៃ គម្រោងចំនួន៧គម្រោង ក្នុងនោះខាងវិទ្យាសាស្ត្រកុំព្យូទ័រមាន ៣ គម្រោង ដូចជា គម្រោង “NU Eco Smart Fan, NU Guide Robot និង NU App ” ចំនែកផ្នែកស្ថាបត្យកម្មមានចំនួន៤គម្រោង គឺគម្រោង “ប្រព័ន្ធស្វែងរក និងការពារការវង្វេងនៅតំបន់សំបូរព្រៃគុក, ទេសចរណ៍វត្តបុរាណ, ផ្ទះខ្មែរបែបទំនើប, ការងើបឡើងវិញនៃផ្ទះខ្មែរ” ដែលគ្រប់គម្រោងសុទ្ធសឹងតែបានទទួលមេដាយ និងរង្វាន់គ្រប់គម្រោង៕ដោយ ៖ អេង ប៊ូឆេង