[ភ្នំពេញ – ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Territory 2021 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Territory 2021 នេះផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។




សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។



លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory គឺជាសមាជិកថ្មីនៃត្រកូល Ford ដែលជារថយន្ត SUV ខ្នាតកណ្តាលដែលត្រូវបានរចនារូបរាងថ្មីស្រឡាង ការតម្លើង និងតេស្តសាកល្បងយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញបច្ចេកទេស Ford ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការបើកបរថ្មីមិនធ្លាប់មានពីមុនមកជូនដល់អតិថិជន ហើយពួកយើងជឿជាក់ថារថយន្ត Ford Territory 2021 នឹងអាចបំពេញនូវតម្រូវរបស់អតិថិជនបានច្រើនក្នុងទីផ្សារប្រទេសកម្ពុជា។”
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ រថយន្ត SUV បានទទួលការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំយករថយន្ត Ford Territory មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងការរចនាផ្ទៃខាងក្នុងធំទូលាយ ផ្នែកខាងក្រៅដ៏ទាក់ទាញ បច្ចេកវិទ្យាលើសគេគឺពិតជាអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនក្នុងយុគសម័យថ្មីនេះ។”


រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។

រថយន្ត Ford Territory 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M ។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី 2 ដែលរថយន្ត Ford Territory 2021 មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។

រថយន្ត Ford Territory 2021 បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖

• ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
• ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
• សេនស័រជំនួយចូលចតរហូតដល់ទៅ 12 គ្រាប់ (12 Sensors)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
• ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
• ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
• ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
• ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
• ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
• និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។
រថយន្ត Ford Territory 2021 មានជម្រើសពណ៍ចំនួន 6សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល។

