កីឡា

ស.ស.យ.ក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡារៀបចំកម្មវិធីការ ផ្សព្វផ្សាយអំពីពិធីបុណ្យ ចូលឆ្នាំថ្មីដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមអត្តពលិក ៤០ ប្រភេទកីឡា

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសហការជាមួយមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីការផ្សព្វផ្សាយអំពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ រៀបចំព្រឹត្តិការណ៍ “នគរសង្រ្កាន្ត” ដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ឆ្នាំ២០២៦ ចំនួន ៤០ ប្រភេទកីឡា។

ក្នុងឱកាសពិធីបើកកម្មវិធីការ ផ្សព្វផ្សាយអំពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា កញ្ញា គីន សំណាង អនុប្រធានការិយាល័យកម្មវិធីនៃនាយកដ្ឋានអភិវិឌ្ឍយុវជន និងកម្មវិធីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ព្រឹត្តិការណ៍ “នគរសង្រ្កាន្ត” ប្រារព្ធពិធីប្រព្រឹត្តឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយ នៃ ខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជន ។ ការចូលរួមជំរុញយន្តសេដ្ឋកិច្ចក្នុងស្រុក គឺជាផ្នែកមួយ នៃខឿនការពារជាតិ ដែលនេះជាឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងការតាំងបង្ហាញពីផលិតផលរបស់ខ្លួន ការជំរុញចលនាគាំទ្រផលិតផលជាតិ និងចង្កើនចំណូល សម្រាប់បងប្អូនអាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ព្រឹត្តិការណ៍ “នគរសង្រ្កាន្ត” អាចជួយធ្វើការទាក់ទាញទេសចរឲ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Homecoming” ដោយ ផ្សព្វផ្សាយ ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យ នៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។

កម្មវិធីការផ្សព្វផ្សាយអំពីពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ឆ្នាំ២០២៦ ចំនួន ៤០ ប្រភេទកីឡានឹងធ្វើការសរសេរលិខិតជូនពរដល់វិរកងទ័ពកម្ពុជាការពារទឹកដី៕

Most Popular

To Top