ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមកាមនៅតាម គោលដៅបិទខ្ទប់ ការធ្វើដំណើរចំនួន៣០ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភ ដល់គោលដៅបិទខ្ទប់ ជាច្រើនទៀត ជាបន្តបន្ទាប់ផងដែរ។
ការបរិច្ចាគនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដែលធ្វើការបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារ ជួយដល់សង្គមជាតិ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ខណៈពេលប្រជាពលរដ្ឋជាច្រើន បានជួបជុំគ្រួសារ នៅតាមផ្ទះរបស់ពួកគេ កងកម្លាំងចម្រុះឯណេះវិញ ត្រូវ ឈរយាមក្រោមកម្តៅថ្ងៃ និងដំណក់ទឹកភ្លៀង ទាំងយប់ទាំងថ្ងៃ ដើម្បីសុវត្ថិភាព របស់យើងគ្រប់ៗគ្នា ដូច្នេះក្រុមហ៊ុនចង់ផ្តល់ ជាកម្លាំងចិត្ត និងសម្រាលការលំបាកខ្លះៗ ជូនដល់កងកម្លាំងរបស់យើង តាមរយៈការជូនភេសជ្ជៈ និងទឹកបរិសុទ្ធទាំងនេះ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រ ខ្លាំងនៅលើទីផ្សារ៕