ភ្នំពេញ៖ គ្រូឧទ្ទេស និងគណៈគ្រប់គ្រង សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែត ប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។
សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅ របស់គម្រោងការពង្រឹង កម្មវិធីអប់រំ គ្រូបង្រៀននៅកម្ពុជា (ហៅកាត់ថា STEPCam) ដែលទទួលជំនួយហិរញ្ញវត្ថុ ពីមូលនិធិភាពជា ដៃគូ សកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។
ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាព វិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់ សមត្ថភាព គ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងតាកែវ។
គម្រោង STEPCam ធ្វើការសហការជាមួយ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តដល់កម្រិត បរិញ្ញាបត្រអប់រំ។
គ្រូឧទ្ទេសនៅ សាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ៦៨នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី១ ប្រកប ដោយភាពជោគជ័យ។ ស្របពេលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡាសហការ ជាមួយគម្រោង STEPCam កំពុងធ្វើការអភិវឌ្ឍកម្មវិធី វិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើ របាយការណ៍ការវាយតម្លៃ ស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើង កាលពីឆ្នាំមុន។
ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្កការរាំងស្ទះ ដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលា គរុកោសល្យ និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេស អាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ ក្នុងការចាប់ផ្តើមវគ្គ បណ្តុះបណ្តាល បែបចម្រុះបាន ដោយមានការឯកភាព ពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់ tablet ចំនួន ៣៨០ គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាតក្នុងការដំឡើង ស៊ីមកាត ដែលមានទិន្នន័យអ៊ីនធឺណែត ប្រើប្រាស់ដោយឥតគិតថ្លៃ ជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំ នៅក្រសួងអប់រំ យុវជន និងកីឡា។
ការផ្តល់ជូននូវ Tablet ទាំងនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបន្តគោលដៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើន ការអប់រំបែបឌីជីថល នៅកម្ពុជា។ ជាមួយនឹងជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនសែលកាត ក្នុងកាលៈទេសៈ ដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបាន នូវចំណេះដឹងបន្ថែម ក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រង ការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឈានទៅបង្កើនអក្ខរកម្មឌីជីថល របស់ពួកគាត់៕
អំពីគម្រោង STEPCam
គម្រោងការពង្រឹងកម្មវិធី អប់រំគ្រូបង្រៀន នៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិភាពជាដៃគូ សកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាព សម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូ ក្នុងគោលបំណង ពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់ សមត្ថភាព និងដំឡើងគុណវុឌ្ឍិ គ្រូបង្រៀននៅកម្ពុជា។ សកម្មភាពគម្រោងមាន៖ (១) អភិវឌ្ឍ និងអនុវត្តសាកល្បង ប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈ ជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា និងអ្នកឯកទេសអប់រំ (២) បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិត បឋមសិក្សាស្តីពីវិធីសាស្ត្រ បង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ព្រមទាំងផ្តល់ការប្រឹក្សា គរុកោសល្យកម្រិតសាលារៀន (៣) ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេស សាលាគរុកោសល្យ និងវិក្រឹតការខេត្ត (៤) កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀន តាមរយៈការជួសជុល សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ចំនួន ១១។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖ s.ang@unesco.org ឬតាមរយៈលេខទូរស័ព្ទលេខ ០១២ ៩៨២ ១១៧ និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា ngorpenglong@gmail.com ឬ តាមរយៈលេខទូរស័ព្ទលេខ ០៧៧ ៩៨២ ៩៨៣។