Event

ខ្មែរ ប៊ែវើរីជីស​ រៀបចំពិធីជប់លៀង និងដំណើរទស្សនកិច្ច ជូនដល់កីឡាករ និងដៃគូសហការព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងមកនេះ បានរៀបចំកម្មវិធីជប់លៀង និងដំណើរទស្សនកិច្ច ​ជូនដល់កីឡាករ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និងដៃគូសហការទាំងអស់ ដើម្បីថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ឲ្យប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រោមការអញ្ជើញចូលរួម ជាកិត្តិយសរបស់លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោន តំណាងនៃក្រុមហ៊ុន Meetads ម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC កីឡាករ ផល សោភ័ណ្ឌ និងកីឡាករ១១រូបផ្សេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកឧកញ៉ា លាង ពៅ បានថ្លែងអំណរគុណ ដល់ភាគីទាំងអស់ ដែលបានចូលរួមធ្វើឲ្យព្រឹតិ្តការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ទទួលបានការគាំទ្រខ្លាំង និងកក្រើកទស្សនិកជន ទូទាំងប្រទេស។

លោកអគ្គនាយក ក៏បានសម្តែងការកោតសរសើរ ដល់ទឹកចិត្តស្នេហា ការខិតខំប្រឹងប្រែងរបស់កីឡាករ ក្នុងការថែរក្សាក្បាច់គុនបុរាណខ្មែរ ឲ្យនៅគង់វង្ស និងបានបញ្ជាក់ពីគោលជំហរ របស់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងការបន្តឧបត្ថម្ភគាំទ្រ និងនាំយកកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ជាបន្តទៀត។

ភ្ញៀវទាំងអស់ បានរីករាយដើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស សំណេះសំណាលជាមួយលោកឧកញ៉ា លាង ពៅ បង្កើតចំណងមិត្តភាព ឲ្យកាន់តែជិតស្និតរវាងក្រុមការងារ បន្ទាប់មកពិសាអាហារនាពេលល្ងាច មុនត្រឡប់ទៅផ្ទះវិញ ជាមួយនឹងស្នាមញញឹម។

គួរបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លំាង វើក WURKZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ស្ថានីយទូរទស្សន៍ថោន បង្កើតកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដើម្បីផ្តល់ឱកាស ដល់កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ ធ្វើការបញ្ចេញសមត្ថភាព ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC ដំបូងនៅកម្ពុជា តាមរយៈការប្រកួតជម្រុះ និងសន្សំពិន្ទុនៅតាមបណ្តាខេត្តជាច្រើន ហើយក៏បានបញ្ជប់ ដោយជោគជ័យ កាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងមកនេះ៕

Most Popular

To Top