Event

សែលកាត និង SabaiCode ចុះអនុស្សារណៈយោគយល់​បន្តកម្មវិធី Full Stack Developer Bootcamp ឆ្នាំសិក្សា​ 2022-2023

ក្រុមហ៊ុន សែលកាត និង SabaiCode បានចុះកិច្ចព្រមព្រៀង​ចាប់ផ្ដើមការគាំទ្រ ជាលើកទៅពីរ​បន្តពីកម្មវិធី នៅឆ្នាំ២០២១គឺកម្មវិធី Full Stack Developer Bootcamp ។ Bootcamp ​ថ្មីនេះ​នឹងចាប់ផ្ដើមទទួលពាក្យ នៅខែកញ្ញាក្នុងឆ្នាំនេះ។ កម្មវិធី​មាន​រយៈពេល 6ខែ ដែលសិស្ស​ដែលត្រូវបាន​ចាត់ឲ្យបង្កើតកម្មវិធី នៃដំណោះស្រាយឆ្លើយតប នឹងតម្រូវការទីផ្សារជាក់ស្ដែង ​​តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជាJavaScript/Nodejs/ES6, ReactJS/NextJS, Express JS និង​ប្រើប្រាស់កម្មវិធី​ពង្រឹងការគ្រប់គ្រងមានដូចជា Scrum ជាមួយJira/Trello, Git & GitHub, Bitbucket pipeline និង UX/UI។

ការចុះហត្ថលេខានេះត្រូវបានធ្វើឡើង ក្រោយ​ការបញ្ចប់ពិធីប្រគល់សញ្ញាបត្រ័ ដែលប្រព្រឹត្តឡើងនៅការិយាល័យ​កណ្ដាល របស់ សែលកាត សម្រាប់​បញ្ចប់ការសិក្សា របស់សិស្សជំនាន់ទីមួយ​ ហើយវាត្រូវបានធ្វើឡើង គោរពតាមគោលបំណង​បង្កើនឱកាស​​ដល់សិស្ស​ដែលមានសមត្ថភាពដទៃទៀត​​ ព្រមទាំងស្របជាមួយបំណង និងចក្ខុវិស័យរបស់​​ដៃគូ​សហការណ៍ ក្នុងការ​បញ្ជ្រាបជំនាញសំខាន់ៗ​ដល់យុវជនកម្ពុជា​ ដើម្បីចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច​បែបឌីជីថល ​​នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី Bootcamp ជំនាន់ទីមួយ ​ជាកម្មវិធី​សិក្សា ដែលមានរយៈពេល​១២ខែ ត្រូវបាន​បញ្ចប់កាលពីម្សិលមិញ ​ជាមួយ​នឹង​បទ​បង្ហាញ​ស្ដីពី​គំនិតថ្នៃប្រឌិត ដំណោះស្រាយ​បែបឌីជីថល​ចំនួនបួន​ ដើម្បី​​ដោះស្រាយ​បញ្ហាសង្គមផ្សេងៗ។​ បទបង្ហាញទាំងនេះត្រូវ​បានធ្វើឡើងនៅចំពោះមុខ សហស្ថាបនិករបស់​ SabaiCode គឺលោក ឡេង ពិសដ្ឋ និង លោក ស៊ុំ សារឿន ព្រមជាមួយនឹង ​នាយកប្រតិបត្តិ​របស់​ សែលកាត លោក Simon Perkins, CCO Johnny Wong,​ CDO Yoshi និងសមាជិកថ្នាក់ដឹក​នាំដទៃទៀត របស់ សែលកាត​ ផងដែរ។ ជាមួយគ្នានេះផងដែរ លិខិតបញ្ចប់ការ​សិក្សារ​ក៏ត្រូវ​បាន​ប្រគល់ជូនសិស្សម្នាក់ៗផងដែរ ​នៅចុងបញ្ចប់នៃកម្មវិធី។

សហស្ថាបនិករបស់ SabaiCode លោក ឡេង ពិសិដ្ឋ ដែលកំពុងរស់នៅ​សហរដ្ឋអាមេរិក ក៏មាន​វត្តមាន​តាមរយៈ​វីដេអូខលអនឡាញ ដើម្បីចូលរួម​លើកទឹកចិត្តដល់សិស្សទាំងឡាយ។ គាត់មាន​​ប្រសាសន៍ថា​ នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ នៅពេលដែលប្អូន​ឈានជើង​ចូលទៅក្នុង​ពិភពការងារពិតប្រាកដ​ ប្អូននឹងជួប​នូវឧបសគ្គថ្មីៗផ្សេងទៀត​ ប៉ុន្តែ​ឧបសគ្គ​ទាំងនេះ ​ប្អូនអាច​ឆ្លង​កាត់បានគឺដូចការដែលប្អូនបាន​​ខណៈពេលដែលអ្នកបានជួបប្រទះនៅ​ Bootcamp ដូច្នេះដែរ​។ មិត្តរួមថ្នាក់របស់ប្អូននឹងត្រូវបានជំនួសដោយមិត្តរួមការងារ កាលកំណត់នឹង​មាន​សភាពពិត​ តែនៅពេលណាដែលប្អូនជួបប្រទះ នឹង​ការលំបាកទាំងនេះ​ ចូររឭកដល់ពេលដែល​ប្អូន​នៅទីនេះ និងអ្វីដែលប្អូនបាន​សម្រេច។ យ៉ាងណាក៏មិនត្រូវចុះចាញ់នោះឡើយ!

សិស្សទាំងអស់​នៃកម្មវិធី​ Bootcamp ជំនាន់ទីមួយនះ ត្រូវបានផ្ដល់នូវការងារ ​ជាប់លាប់​រួចទៅ​ហើយ ខណៈដែលអ្នកខ្លះ​ត្រូវបាន​ទទួលចូលទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗផងដែរ។​ មិនត្រឹម​តែប៉ុណ្ណោះ នៅពេលដែលត្រូវបានសួរ​ថាអ្វី ជា​ដំណាក់កាលបន្ទាប់នៃគម្រោងរបស់ពួកគេ​ សិស្សទាំងនោះ​បានបញ្ចេញ នូវជំហរយ៉ាងមុតមាំថានឹង​បន្តធ្វើការ លើការ​បង្កើតថ្មី​ដែល Bootcamp បានជ្រោមជ្រែងពួកគេតាំងពីដំបូងមក និងបន្តខំប្រឹងដើម្បីឈានដល់ការសម្ភោធ​ ផលិតផលកម្មវិធី​ទាំង​នោះ ​ក្នុងការ​ប្រើប្រាស់ក្នុងទីផ្សារជាក់ស្ដែងនាពេល​​អនាគត។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ខ្ញុំ​ពិតជាចាប់អារម្មណ៍​លើបទបង្ហាញទាំងនោះ​ និងរីករាយណាស់ដែលបានឃើញ​គម្រោង​នីមួយៗ របស់ពួកគេសង្កត់លើដំណោះស្រាយ នៃបញ្ហា​នានាក្នុងសហគមន៍របស់គេ។ ភាពប៉ិន​ប្រសប់ និង​ចំណេះដឹងពីបច្ចេករបស់ពួកគេ​​គឺ​ជាក់ស្ដែង ក៏ដូចគោលបំណងរបស់ពួកគេ ​​ក្នុងការប្រើប្រាស់​​ចំណេះដឹង ជំនាញ និងផលិតផលថ្មីទាំងនេះ ដើម្បី​សម្រួលការរស់នៅ បង្កើត​ភាព​​ងាយ​ស្រួល​ និងដោះស្រាយ​បញ្ហាផ្សេងៗ។ ខណៈពេលដែលគេនៅមានផ្លូវវែងឆ្ងាយទៅមុខទៀត ​យើងមានជំនឿចិត្តយ៉ាងមុតមាំថា សិស្សនៅជំនាន់នេះ​នឹងធ្វើបានល្អ ហើយយើងនឹង​ស្វាគមន៍ ​ពួកគេចូលមកក្នុងក្រុមគ្រួសារ សែលកាត ​នៅពេលដែលគេ​គិតថា​រួចរាល់នឹងចាប់ផ្ដើម ”

ជំនួសមុខឲ្យក្រុមការងារ​ SabaiCode សហស្ថាបនិក លោក ស៊ុំ សារឿន បានថ្លែងអំណរគុណ ​ដល់សែលកាត សម្រាប់ជំនួយគាំទ្រ​ក្នុងរយៈពេល១២ខែកន្លងមក ហើយក៏ទន្ទឹង​ចាំដើម្បី​ដំណើរ​ការ​  Bootcamp ជំនាន់ទីពីរ ដែលនឹងត្រូវបានចាប់ផ្ដើមក្នុងរយៈពេលឆាប់ៗ។

SabaiCode Bootcamp នាឆ្នាំសិក្សា 2022-2023 នឹងមានរយៈពេល 6ខែ នៃការសិក្សាសរសេរ​កូដ។ ការទទួលពាក្យ​នឹងបើកនៅក្នុងខែកញ្ញា និងស្វាគមន៍បេក្ខភាពជោគជ័យចំនួន​  15រូប ដែល​នឹងត្រូវបាន​ឧបត្ថម្ភ​ ការសិក្សាដោយសែលកាត។ ព័ត៌មាន​លម្អិត​នៃកម្មវិធីសិក្សា និង​កាល​វិភាគ​នៃថ្នាក់​រៀន នឹងត្រូវបាន​​ផ្សាយនៅ​ក្នុង​គេហទំព័ររបស់ SabaiCode​ : https://www.sabaicode.com/ ។

Most Popular

To Top