Event

ក្រុមហ៊ុនសែលកាត បង្កើតភាពដៃគូជាយុទ្ធសាស្រ្ត ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា

សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួល ដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា “ដៃគូទូរគមនាគមន៍ផ្លូវការ” សម្រាប់កម្មវិធីចំនួនបី ក្រោមផ្នែកមួយ នៃសកម្មភាពរបស់សែលកាត ទាក់ទងនឹងមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា មូលនិធិស.អ.។ កម្មវិធីទាំងនេះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីដោះស្រាយតម្រូវការសម្រាប់ការអប់រំ ប្រកបដោយនវានុវត្តន៍ ផ្តោតលើជំនាញ និង រួមបញ្ចូលការអប់រំឌីជីថល ក៏ដូចជាបណ្តុះចំណាប់អារម្មណ៍ ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមស្ត្រី ដែលមានដូចជា កម្មវិធីពង្រឹងកម្មវិធីអប់រំ គ្រូបង្រៀននៅកម្ពុជា ដែលហៅកាត់ថា (STEPCam) កម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ហៅកាត់ថា (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ ហៅកាត់ថា (FLP) ជាដើម។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ “ពួកយើងពិតជាមាន កិត្តិយសខ្លាំងណាស់ ក្នុងការក្លាយខ្លួនជា ‘ដៃគូទូរគមនាគមន៍’ សម្រាប់កម្មវិធីពង្រឹងកម្មវិធីអប់រំ គ្រូបង្រៀននៅកម្ពុជា (STEPCam) កម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចុងក្រោយបង្អស់។ ពួកយើងជឿជាក់លើឥទ្ធិពល នៃការអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ច។ ស្របពេលដែលពួកយើងបោះជំហ៊ាន ឆ្ពោះទៅកាន់ឌីជីថលនីយកម្មនៅកម្ពុជា មូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំ គឺត្រូវការជាចាំបាច់ ហើយវាក៏ដើរតួយ៉ាងសំខាន់ ក្នុងការធានាឱ្យចក្ខុវិស័យនេះ ក្លាយជាការពិតផងដែរ។ ពួកយើងទន្ទឹងរង់ចាំការអនុវត្ត ប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងសែលកាត ក្នុងការពង្រីកលទ្ធភាព និងឥទ្ធិពលនៃកម្មវិធីទាំងនេះ។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ នៅក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ចំពោះភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើងនៃការវិនិយោគ ពីដៃគូវិស័យឯកជន ក្នុងការលើកកម្ពស់ គុណភាពអប់រំនៅកម្ពុជា។ “ការពង្រឹងជំនាញឌីជីថល របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនរបស់យើង គឺជាអាទិភាពសំខាន់មួយ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានជំនាញក្នុងសតវត្សរ៍ទី ២១ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ឌីជីថលរបស់កម្ពុជា។ ភាពជាដៃគូយុទ្ធសាស្ត្រថ្មី ជាមួយសែលកាតនឹងគាំទ្រ ដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅកម្រិតផ្សេងៗនៃប្រព័ន្ធអប់រំ ដើម្បីបង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែលផ្តល់ការអប់រំប្រកបដោយ គុណភាពសម្រាប់កុមារ និងយុវជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា»។

កិច្ចសហប្រតិបត្តិការឧបត្ថម្ភ ជាយុទ្ធសាស្រ្តនឹងផ្តល់ការគាំទ្រ ដល់ការអនុវត្ត និងការពង្រីកកម្មវិធីអប់រំបីដូចខាងក្រោម៖
•BEEP – ជាគម្រោងផ្តួចផ្តើមរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីផ្តល់ការអប់រំតាមប្រព័ន្ធអនឡាញដែលអាចបត់បែនបាន សម្រាប់យុវជនក្រៅសាលា ដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី ៩ ។

•FLP – ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីបំពាក់បំប៉នកម្មកររោងចក្រកាត់ដេរ ដែលមានអាយុពី ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ ឱ្យទទួលបាននូវជំនាញអក្ខរកម្មមូលដ្ឋាន ដោយជួយឱ្យពួកគេយល់កាន់តែច្បាស់ អំពីសិទ្ធិរបស់ខ្លួន។ គម្រោងនេះក៏មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវជំនាញនៃការអាន ការសរសេរ និងជំនាញត្រិះរិះពិចារណា ដើម្បីធ្វើអោយប្រសើរឡើង នូវទំនាក់ទំនងការងារប្រចាំថ្ងៃ និងការអនុវត្តរបស់ពួកគេ។

•STEPCam – ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា។ គម្រោងនេះបានណែនាំ នូវវិធីសាស្រ្តគរុកោសល្យថ្មី ដោយពាំនាំមកនូវជំនាញ អប់រំឌីជីថលទាន់សម័យ ដើម្បីកែលម្អការអប់រំនៅថ្នាក់ដំបូង ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គុណភាពអប់រំទាំងមូល និងបន្ស៊ីវាទៅនឹងតម្រូវការ នៃសម័យឌីជីថលបែបថ្មី។

ពិធីចុះហត្ថលេខានេះ គឺជាការអនុវត្តគម្រោងដ៏សំខាន់មួយ ក្រោមកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់សែលកាត ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និង លទ្ធភាពប្រើប្រាស់មាតិកាអប់រំ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕

Most Popular

To Top