តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ បុរសអ្នកជំនួញ sushi ជនជាតិជប៉ុនម្នាក់ ដែលមានឈ្មោះល្បីល្បាញ គេឲ្យរហស្សនាមថា “Tuna King” បានចំណាយប្រាក់១,៨លានដុល្លារដើម្បីទិញយកត្រីធុនណា យក្ស១ក្បាល នៅក្នុងពិធីដេញថ្លៃប្រចាំឆ្នាំ នៅក្នុងក្រុងតូក្យូ ដែលជាទីផ្សារត្រីដ៏សំខាន់ ។
លោក Kiyoshi Kimura អ្នកដែលទទួលបានជោគជ័យក្នុងការបើកភោជនីយដ្ឋាន sushi បានចំណាយប្រាក់ ១៩៣លានយ៉េន ស្មើនឹង១,៨លានដុល្លារ ដើម្បីទិញយកត្រីធុនណាខៀវ ដែលមានទម្ងន់២៧៦គីឡូក្រាម ដែលគេបានចាប់បាននៅក្នុងតំបន់ Aomori ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ។
លោក បានប្រាប់ដល់បណ្តាអ្នកព័ត៌មានថា បន្ទាប់ពីបានចូលរួមដេញថ្លៃតាំងពីលើកដំបូងថា “នេះពិតជាប្រសើរខ្លាំងណាស់” ។
គាត់បានលើកឡើងថា “បាទ នេះគឺថ្លៃពិតមែន មិនមែនវាទេឬ? ខ្ញុំចង់ឲ្យអតិថិជនរបស់យើង ពិសានូវរសជាតិឆ្ងាញ់ម្តងម្នាក់នៅក្នុងឆ្នាំនេះ” ។
គួររំលឹកថា កាលពីឆ្នាំមុន នៅក្នុងពិធីនៃការដេញថ្លៃប្រចាំឆ្នាំ លោក Kimura បានចំណាយប្រាក់៣,១លានដុល្លារ ឈ្នះក្នុងការដេញថ្លៃទិញយកត្រីធុនណាទម្ងន់២៧៨គីឡូក្រាម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា