ស្វេតច្ឆត្រ មកអំពីពាក្យសំស្ក្រឹត ២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស ច្ឆត្រ ដែលមានន័យជាគ្រឿង បាំងពាសសំពត់ ។ ដូចនេះស្វេតច្ឆត្រមានន័យសំដៅ លើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង។
ព្រះមហាស្វេតច្ឆត្រ ជាគ្រឿងបាំងជាន់ខ្ពស់ សម្រាប់ការពារអង្គព្រះមហាក្សត្រ ពីពន្លឺថ្ងៃ ឬសេចក្តីសៅហ្មងទំពួង ដោយសារគេជឿថា ព្រះរាជា គឺជាអ្នកមានបុណ្យ បារមីខ្ពស់ ដូចនេះមិនត្រូវឱ្យមានពន្លឺព្រះអាទិត្យ ឬវត្ថុសៅហ្មង មកប៉ះពាល់ព្រះវរកាយព្រះអង្គ ដោយត្រង់ណាបានឡើយ។
លើសពីនេះស្វេតច្ឆត្រ ក៏ជាតំណាង នៃអំណាចរបស់ព្រះមហាក្សត្រ ជានិមិត្តរូបបង្ហាញ ពីវិសាលភាព នៃព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់គ្រប់គ្រងរាជសម្បត្តិ ប្រកបដោយទសពិធរាជធម៌ ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រទាំងអស់ផងដែរ ។ តាមរយៈកំណត់ត្រានានា ដូចជាតាមរយៈសិលាចារឹក ឯកសារ ព្រះរាជពង្សាវតាក្តី បានបញ្ជាក់ថាព្រះរាជាណាចក្រយើង មានការប្រើប្រាស់ស្វេត្រឆត្រ តាំងពីយូរយារណាស់ មកហើយ ។
ព្រះមហាស្វេតច្ឆត្រ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នគឺជា ឆត្រពណ៌សត្រួតលើគ្នាចំនួន ៩ជាន់ ពីធំទៅតូចមានសណ្ឋានស្រួចឡើង ទៅលើជាលក្ខណៈកំពូលវិមាន ជាន់នីមួយៗមានរំភាយ ៣ជាន់ ហើយនៅផ្នែកខាង ចុងរំភាយ មានជរសំពត់ពណ៌មាស។
នៅជាន់ទីមួយៗ នៃស្វេតច្ឆត្ររាប់ពីក្រោមមក មានចងជាផ្កាចំប៉ីមាស (បច្ចុប្បន្នប្រើប្រាស់ជា សំណុំអំបោះ ពណ៌មាសវិញ) កំពូលព្រះមហាស្វេតច្ឆត្រ ខ្ពស់បុកស្រួចឡើងទៅលើពិដាន នៃកំពូលកណ្តាលព្រះទីនាំង ទេវាវិនិច្ឆ័យ ជា សញ្ញាភ្ជាប់ រវាងទេព និងមនុស្សតាម រយៈព្រះមហាក្សត្រ ដែលជាអង្គសម្មតិទេព ។ ឯដងខាងក្រោមវិញគឺលូតចេញពី ផ្នែកខាងក្រោយ នៃព្រះមហារាជបល្ល័ង្ក ទៅកាន់ខាងលើ ។ នៅក្រោមជាន់ទី១ នៃព្រះមហាស្វេតច្ឆត្រ នេះហើយដែលមានចម្លាក់ទេវតា ដើរទេសកាន់ព្រះខ័នមួយព្រះអង្គ ដែលគេសំគាល់ថាជាអង្គទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ។
ក្រៅអំពីព្រះមហាស្វេតច្ឆត្ រ៩ជាន់នេះ ព្រះរាជាណាចក្រកម្ពុជាយើង ពីបុរាណក៏មានប្រើប្រាស់នូវ ប្រភេទស្វេតច្ឆត្រផ្សេងៗផងដែរ ដូចជា ស្វេតច្ឆត្រ៧ជាន់ ៥ជាន់ និង៣ជាន់ តាមស្ថានភាព កាលៈទេសៈផ្សេងៗពីគ្នា ។
ស្វេតច្ឆត្រ ៧ជាន់ ព្រះបរមស្វេតច្ឆត្រ ជាទូទៅមានប្រើប្រាស់សម្រាប់ព្រះមហាក្សត្រ ដែលពុំទាន់ទទួលព្រះរាជពិធីបរម រាជាភិសេកផ្លូវការ។ នៅក្នុងព្រះទីនាំងមហាមន្ទីរមានព្រះបល្ល័ងមួយ សម្រាប់អង្គព្រះមហាក្សត្រមួយ ដែលមានបាំងស្វេត្រឆត្ រ៧ជាន់នេះ។
សម័យបុរាណកាលពីព្រះមហាក្សត្រ យាងគ្រងរាជពុំបានប្រារព្ធ ព្រះរាជពិធីបរមរាជាភិសេក ពេញបរិបូណ៌ទេ ក៏នឹងប្រើតែស្វេតច្ឆត្រ ៧ជាន់នេះតែប៉ុណ្ណោះ រីឯកាលបើសម័យណា ដែលនគរកម្ពុជាយើងធ្លាក់ជា ចំណុះប្រទេសជិតខាងវិញ ក៏តម្រូវ អោយ ព្រះមហាក្សត្រ នគរយើងទម្លាក់ចំនួន ជាន់នៃព្រះមហាស្វេតច្ឆ័ត្រ ចុះមកនៅត្រឹម ៧ជាន់វិញ ដើម្បីមិនឱ្យមានឋានៈស្មើនគរជាធំនោះ។
ស្វេតច្ឆត្រ ៥ជាន់ ប្រើប្រាស់បានសម្រាប់សម្តេចព្រះមហា ឧបរាជនៃក្រុងកម្ពុជាធិបតី ដែលជាអ្នកនឹងឡើង សោយរាជ្យបន្តពីព្រះមហាក្សត្រ ឬសង្កេតឃើញថា មានចង លើព្រះទីន័ងគជសារសឹកផងដែរ ៕ sabay