កម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសដែលសម្បូរធនធាន មច្ឆជាតិ ទឹកសាបច្រើនជាងគេ ក្នុងតំបន់អាស៊ី ដោយសារមានទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាដែនជម្រកត្រីទឹកសាប ជាច្រើនរយប្រភេទ និងជាជង្រុកមច្ឆជាតិ ដែលចិញ្ចឹមប្រជាជន ទូទាំងប្រទេស ។ ក្នុងចំណោមត្រីទឹកសាបជាច្រើន កូនខ្មែរត្រូវតែដឹង និងសិក្សាស្វែង យល់ឲ្យបានច្បាស់នោះគឺមាន ត្រីទឹកសាបទាំង៣ប្រភេទ ដែលមានទំហំធំជាងគេបំផុតនៅកម្ពុជា ក្នុងចំណោមត្រីធំបំផុត ទាំង៣ប្រភេទខាងក្រោមនេះ មានត្រី១ប្រភេទត្រូវបានកំណត់ ដោយព្រះរាជក្រឹត្យថាជា មច្ឆជាតិនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

១.ត្រីគល់រាំង

«ត្រីគល់រាំង» ឬហៅ ត្រីកាហោ ឬ ត្រីក្បាលឡាន ត្រូវបានចាត់ជា មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស.រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រថា Catlocarpio siamensis, អង់គ្លេស giant barb, ថៃ กระโห้ ឬ กะมัน ។ ត្រីគល់រាំង ជាប្រភេទត្រីមានស្រកាធំៗ គ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ ។ ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លា ។ ដោយឡែក ស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។
ត្រីគល់រាំង គឺជាប្រភេទត្រីដែលកម្រ បច្ចុប្បន្នកំពុងប្រឈមនឹងការផុតពូជ គឺដោយសារ នេសាទខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋនមួយចំនួនតូច និងជាពិសេសជនបរទេសដែលលួចចូលនេសាទដោយមិនខ្លាចញញើតពីសំណាញ់ច្បាប់ប្រទេសកម្ពុជាឡើយ ត្រីនេះអាចមានប្រវែងដងខ្លួនអតិបរមារហូតដល់ ៣ម៉ែត្រ នឹងទម្ងន់អតិបរមា ៣០០គីឡូ ស្ថិតក្នុងអំបូរត្រីទឹកសាបដែលធំជាងគេក្នុងភិភពលោក ។
២. ត្រីរាជ

«ត្រីរាជ» ជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំងទៅទៀត។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។
ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកា ទឹកសាបដ៏ធំបំផុត ។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និង តំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុង ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញ ពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជ ពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។ ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។

ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។
៣. ត្រីបបែលយក្ស

ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ «ត្រីបបែលយក្ស» នេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ ត្រីបបែលនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។
អ្នកសិក្សាបានលើកឡើងថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន ជាពិសេសគឺនៅតំបន់ព្រែកកាំពី ក្នុងខេត្តក្រចេះ តែទោះយ៉ាងណាជាការព្រួយបារម្ភដែលចំនួនត្រីបបែលយក្សមានការថយចុះជាលំដាប់ដោយដោយសារតែការនេសាទខុសច្បាប់។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់ ៣ ម៉ែត្រ។ វាមានវត្តមាន នៅទន្លេមេគង្គ និងទន្លេសេកុង ដែលមានបាតខ្សាច់ និងចរន្តទឹកមិនហូរ ហើយមានប្រភេទខ្លះនៅពេលរដូវបន្តពូជ វានឹងផ្លាស់ទីទៅសមុទ្រដើម្បីបន្តពូជ ដោយកើតកូនបានម្តងៗមានចំនួនច្រើន ហើយកូនដែលកើតមកមានទំហំប្រមាណ ៣០សង់ទីម៉ែត្រ ហើយវាលាក់កូនក្នុងស្រកី នៅអំឡុងខែ៧-ទៅ៩ខែ។ ចំពោះចំណីរបស់ត្រីបបែល គឺស៊ីត្រី សត្វឥតឆ្អឹងកង និងសត្វល្អិតជាអាហារ។ ត្រីបបែលយក្សអាចរស់នៅក្នុងអាយុប្រហែល ១០ឆ្នាំ ប៉ុន្តែវាគឺជាប្រភេទត្រីដែលរីកធំធាត់លឿនបំផុត ដូចជាត្រីគល់រាំងជាដើម។

ត្រីបបែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។ សព្វថ្ងែនេះ ប្រជានេសាទនៅតាមដងទន្លេមេគង្គ ចាប់បានម្តងម្កាលប៉ុណ្ណោះដោយមង ដែលមានទម្ងន់ពី ៤-៥៥ គីឡូក្រាម។ ដើម្បីរក្សាផលស្តុកត្រីបបែល នៅតាមទន្លេមេគង្គនៅកម្ពុជា គឺសូមចៀសវាងការទិញប្រភេទត្រីបបែលនេះ យកមកបរិភោគ ដែលជាវិធានការមួយដើម្បីចូលរួមការពារ និងអភិរក្សប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនេះផងដែរ៕
