ភ្នំពេញ ៖ ការអប់រំ មានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍកុមារ ហើយការអប់រំ មួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារ ចេះគិតពិចារណា ដោយមានហេតុផល ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា ប្រសិនបើផែនការ របស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ ប្រសិន បើអ្នកផែនការ របស់អ្នក សម្រាប់ដប់ឆ្នាំ អ្នកត្រូវដាំដើមឈើ ប្រសិនបើផែនការ របស់អ្នក សម្រាប់ ១០០ ឆ្នាំ អ្នកត្រូវផ្តល់ការ អប់រំដល់កុមារ”។

ដោយសារការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានបន្តគំនិតផ្តួចផ្តើម របស់ខ្លួនជាងពីរឆ្នាំកន្លងទៅនេះ ដើម្បីជួយលើកកម្ពស់ ការសិក្សារបស់កុមារ ដោយផ្តល់សម្ភារសិក្សា និងមេរៀនអប់រំជាច្រើន នៅតាមសាលារៀន ជាច្រើននៅក្នុងប្រទេសកម្ពុជា ។
បន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការ ឧបត្ថម្ភគាំទ្រ និងឥទ្ធិពលវិជ្ជមាន របស់ណាហ្គាវើលដ៍បេះដូង សប្បុរស មកលើវិស័យអប់រំក្នុងប្រទេសកម្ពុជានៅក្នុងពិធីពិសេសមួយ ដែលបានធ្វើឡើងនៅក្រសួង ក្រោមអធិបតីភាព លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដល់នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen និងមន្ត្រីតំណាងក្រុមហ៊ុន ។
លិខិតថ្លែង អំណរគុណ និង មេដាយ ត្រូវបានប្រគល់ បន្ទាប់ពីណាហ្គាវើលដ៍បេះដូងសប្បុរស បានបំពេញកាតព្វកិច្ច ដោយជោគជ័យពាក់ព័ន្ធ នឹងអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឆ្នាំ២០១៩ សម្រាប់កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ។ មានសិស្សានុសិស្សប្រមាណ ២៥.៣៨៥ នាក់ទៅទូទាំង ១១ ខេត្ត បានទទួលប្រយោជន៍ពីសកម្មភាព ដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩ ។
លោកស្រី ឃុន រចនា បានមានប្រសាសន៍ថា តំណាងឲ្យលោករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការឧបត្ថម្ភគាំទ្រ និងការសហការ យូរអង្វែង របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស ។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនេះ និង សូមអបអរសាទរ ដល់ស្នាដៃ ដែលណាហ្គាវើលដ៍ បេះដូងសប្បុរសបានធ្វើ ៣ ឆ្នាំកន្លងទៅនេះជាមួយក្រសួងអប់រំ យុវជន និងកីឡា ។
ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍បេះដូងសប្បុរសផងដែរ ចំពោះការឧបត្ថម្ភម៉ាស់ ជែលលាងដៃ និងអាល់កុល ដល់ក្រសួងកាលពីខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និង ណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តអនុស្សរណៈ នៃ ការយោគយល់គ្នា ដែលអនុញ្ញាត ឲ្យកម្មវិធីចែកសម្ភារសិក្សាបន្តរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។ បុគ្គលិកស្ម័គ្រចិត្ត របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស នឹងធ្វើដំណើរទៅកាន់ សាលាបឋមសិក្សា ៦០ នៅក្នុងខេត្ត ១២ ដើម្បីចែកសម្ភារសិក្សាចាំបាច់ ដល់សិស្សានុសិស្ស ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានបន្ថែមខេត្តពោធិ៍សាត់ ទៅក្នុងបញ្ជីផងដែរ ។ កម្មវិធីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ ក៏ត្រូវបានពង្រីក ទៅកាន់សាលារៀននៅក្នុងខេត្ត ៥ ផងដែរ ដោយមានបន្ថែមខេត្តកំពង់ចាម ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំង ដែលបានបន្តការសហការ ជាមួយក្រសួងទៅលើគំនិតផ្តួចផ្តើម ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ។ ដូចអ្នកប្រាជ្ញជនជាតិបារាំង Anatole France បានពោលថា “ការលើកទឹកចិត្ត មានសារសំខាន់ ណាស់ សម្រាប់ការអប់រំ”។ ជាមួយនឹងការផ្តល់ សម្ភារសិក្សាដល់សិស្សទូទៅ និងកាតាបដល់សិស្សពូកែ មានន័យថា យើងបាន លើកទឹកចិត្ត ពួកគេឲ្យកាន់តែប្រឹងប្រែង រៀនសូត្រ និងទទួលបានលទ្ធផល សិក្សាកាន់តែប្រសើរ ដែលនឹងផ្តល់ឲ្យពួកគេមានឱកាស ទទួលបានអនាគតកាន់តែភ្លឺស្វាង” ។

លោក Pern Chen បានធ្វើការកត់សម្គាល់ផងដែរថា កម្មវិធីលើកកម្ពស់ ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ បានផ្តល់ចំណេះដឹងសំខាន់ៗ ស្តីពីវិធីកាត់បន្ថយហានិភ័យអគ្គិភ័យ វិធីបង្ការ និងវិធីដោះស្រាយ នៅពេលមានបញ្ហាអគ្គិភ័យនៅក្នុងផ្ទះ និងអគារ ។ បំពង់ពន្លត់អគ្គិភ័យចំនួន ៦៣ ត្រូវបានឧបត្ថម្ភដល់សាលារៀន និងសហគមន៍ព្រមទាំងមានការផ្តល់ ការបង្ហាញអំពីវិធីប្រើប្រាស់បំពង់ ពន្លត់អគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យផងដែរ ។
លោក Pern Chen បានបន្ថែមថា “កម្មវិធីចុះទៅតាមសាលារៀន របស់យើង គឺជាផ្នែកស្នូល នៃកម្មវិធីលើកកម្ពស់វិស័យ អប់រំ ដែលជាសសរស្តម្ភមួយក្នុង ចំណោមសសរស្តម្ភសំខាន់ទាំង ៤ របស់យើងខណៈសសរស្តម្ភ ៣ ទៀត ផ្តោតទៅលើ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ ចាប់តាំងពីឆ្នាំ២០១៤ មក សកម្មភាពរបស់យើង បានជួយលើកកម្ពស់ជីវិត រស់នៅ របស់ប្រជាជនកម្ពុជាជាង ៤៥៦.០០០ នាក់ជាពិសេសកុមារ” ៕
