លោកយាយ Kane Tanaka ដែលជាស្រ្តីជនជាតិជប៉ុនម្នាក់ មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក បានទទួលមរណភាពហើយ ក្នុងអាយុ១១៩ឆ្នាំ ។ នេះបើយោងតាមការ ចេញផ្សាយដោយ សារព័ត៌មាន AFP កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោកយាយ Kane Tanaka បានកើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣ ក្នុងតំបន់ Fukuoka ភាគនិរតី ប្រទេសជប៉ុន ពិសេសជាងនេះ ទៅទៀត លោកយាយបានបំបែកឯកគ្គទកម្មពិភពលោក Guinness World Records កាលពីឆ្នាំ២០១៩ កន្លងទៅថា ជា មនុស្សដែលមានវ័យ ចំណាស់ជាងគេ លើលោក។
សូមជម្រាបថា លោកយាយ Kane Tanaka មានកូនបង្កើតចំនួន៤នាក់ និងកូនចិញ្ចឹមចំនួន១នាក់ ខណ:កាលពីនៅក្មេង លោកយាយមានអាជីវកម្មជាច្រើន ដូចជាហាងបាយ និងគុយទាវ ។ គាត់ចូលចិត្ត ញាំទឹកសូដា សូកូឡា ក៏ដូចជាដោះស្រាយ លំហាត់គណិតវិទ្យា ។ កាលពីមុនទោះបីជា មានអាយុច្រើនរយឆ្នាំក៏ដោយ លោកយាយមានសុខភាពល្អធម្មតាទេ តែថ្មីៗនេះសុភាព របស់លោកយាយត្រូវទ្រុឌទ្រោមជាខ្លាំង រហូតធ្វើឲ្យបាត់បង់ជីវិតកាលពីថ្ងៃ១៩ មេសាកន្លងទៅ ខណ:មន្រ្តីក្នុងតំបន់ ទើបតែទទួលបានដំណឹង ដ៏តក់ស្លុតនេះ កាលពីថ្ងៃចន្ទម្សិលមិញ។

