រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀប ចំឯកសារ និងស្នើសុំចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយ ទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក បានសម្រេចដាក់បញ្ចូល ក្នុងសម័យប្រជុំ ដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆន្ទ ចុះបញ្ជីរមណីយ ដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌ ពិភពលោក ដោយទទួលស្គាល់នូវ តម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈ វិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទ កោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។
នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា គ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និង បានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋាន ប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
ជារួមគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ១០ហើយ រួមមាន៖ តំបន់អង្គរវត្ត (រូបី) , របាំព្រះរាជទ្រព្យ (អរូបី), ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ប្រាសាទព្រះវិហារ (រូបី), ល្បែងទាញព្រ័ត្រ (អរូបី), ចាប៉ីដងវែង (អរូបី), ប្រាសាទសំបូរព្រៃគុក (រូបី), ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី), គុនល្បុក្តតោ (អរូបី) និង ប្រាសាទកោះកេរ (រូបី) ៕