សិល្បៈ និង កម្សាន្ត

ប្រាសាទមួយ​ នៅឥណ្ឌា មានកណ្តុរ ២៥០០០ក្បាល​ រស់នៅ ជាទីកន្លែងសក្ការៈបូជា ដ៏ល្បីល្បាញ

ឥណ្ឌា ជាប្រទេសដែលមានវប្បធម៌ ចំណាស់ជាងគេមួយ នៅក្នុងទ្វីបអាសុី និង ពិភពលោក។ ប្រទេសមួយនេះ មានប្រជាជនប្រមាណ ១,៣ពាន់លាននាក់ ដែលភាគច្រើនជាអ្នកកាន់ ហិណ្ឌូសាសនា ជឿលើអវតារបស់ព្រះ។ ប្រជាជនឥណ្ឌា តែងប្រកាន់បានយ៉ាងខ្ជាប់ខ្ជួន នូវប្រពៃណី ទំនៀមទម្លាប់ តពីដូនតាមក រហូតដល់បច្ចុប្បន្ន។

ជាក់ស្តែងឃើញថា ទំនៀមទម្លាប់មួយចំនួនដូចជា ពិធីមុជទឹកជម្រះខ្លួន នៅក្នុងទន្លេគង្គា ដើម្បីលាងបាប គេឃើញមានប្រជាជនឥណ្ឌា ប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដែលអ្នកចូលរួមមិនក្រោម រាប់លាននាក់នោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៀតនោះ គឺប្រាសាទកណ្តុរ ដែលមានកណ្តុរជាច្រើនក្បាល រស់នៅក្នុងប្រាសាទនោះ។ ប្រាសាទនេះ មានឈ្មោះថា Karni Mata Temple ជាប្រាសាទបែបហិណ្ឌូសាសនា កសាងឡើងដើម្បីឧទ្ទិសទៅដល់ អវតាមួយអង្គ នៅក្នុងហិណ្ឌូសាសនា។

មានរឿងព្រេងទាក់ទងនឹងប្រាសាទ ដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ទើបធ្វើឱ្យពលរដ្ឋឥណ្ឌា មានជំនឿ ហើយតែងយកចំណីអាហារ មកថ្វាយសត្វកណ្តុរ ដើម្បីបួងសួងសុំសេចក្តីសុខ។ គេជឿថា សាច់ញាតិដែលបានស្លាប់ទៅ មិនដឹងកើតជាអ្វី ឱ្យប្រាកដទេ ខ្លះអាចមានបាបធ្វើឱ្យភ្លាត់កើតជា សត្វកណ្តុរជាដើម ទើបបានជាគេយកនំចំណី ម្ហូបអាហារដើម្បីមកថ្វាយ សត្វកណ្តុរ នៅក្នុងប្រាសាទ Karni Mata ដែលជាផ្ទះដ៏កក់ក្តៅ របស់កណ្តុរជាង ២៥០០០ក្បាល។

ប្រាសាទ Karni Mata មានទីតាំង នៅក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេស ឥណ្ឌា។ នៅពេលដែលមានពិធីបួងសួងម្តងៗ ពលរដ្ឋឥណ្ឌានៅទូទាំងប្រទេស បានធ្វើដំណើរមកជួបជុំគ្នានៅក្នុងប្រាសាទកណ្តុរមួយនេះ ដើម្បីធ្វើពិធីតាមបែបសាសនា។ ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅសតវត្សរ៍ទី ២០ ដោយ Maharaja Ganga។

យោងទៅតាមរឿងព្រេងមួយ កូនប្រុសរបស់ Karni Mata ឈ្មោះ Laxman ត្រូវបានលង់ទឹកស្លាប់នៅក្នុងស្រះមួយ ខណៈពេលដែលគាត់ កំពុងផឹកទឹក។ Karni Mata បានស្នើសុំ Yama ដែលជាព្រះនៃសេចក្តីស្លាប់ ដើម្បីឱ្យកូនរបស់នាង រស់ឡើងវិញ។ Yama បានយល់ស្របនឹងសំណើរ ដោយដាក់លក្ខខ័ណ្ឌមួយថា Karni Mata និងកូនៗ ត្រូវចាប់កំណើតជាសត្វកណ្តុរ។ គេឃើញមានកណ្តុរពណ៌ស ២-៣ក្បាល នៅក្នុងប្រាសាទ។ សត្វកណ្តុរពណ៌ស ទាំងនេះត្រូវបានគេជឿថា ជាការបង្ហាញខ្លួនរបស់ Karni Mata និងកូនប្រុសរបស់នាង ដែលយល់ព្រមចាប់កំណើត ជាសត្វកណ្តុរឱ្យតែអាចបានរស់នៅ ជួបជុំជាមួយកូនរបស់នាងវិញ៕​ ប្រភព៖ សប្បាយ

Most Popular

To Top