ជាទូទៅ យើងបានស្គាល់ហើយមហាកំពែងចិន ដែលត្រូវបានចាប់ផ្តើមសាងសង់ តាំងពីសម័យរាជវង្សឈីង កាលពី ២ពាន់ឆ្នាំមុន។ ប៉ុន្តែតើអ្នកដឹងទេ ក្នុងរាជវង្សចិនមួយទៀត គឺរាជវង្សស៊ួយ បានសង់មហាព្រែកជីក ហើយព្រែកជីកនោះឯង គឺបច្ចុប្បន្នជាព្រែកជីកដែលវែងជាងគេបង្អស់ក្នុងពិភពលោក។
សូមជម្រាបថា ព្រែកជីកដែលភ្ជាប់ពីក្រុងប៉េកាំង ទៅ ហាំងចូវ (Beijing-Hangzhou Grand Canal) គឺជាព្រែកជីកវែងជាងគេ និងចំណាស់ជាងគេបំផុតក្នុងពិភពលោក។ វាមានប្រវែងសរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពីទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំងទន្លេផ្សេងៗទៀត ដោយចាប់ផ្តើមចេញពីភាគខាងជើងក្រុងប៉េកាំង កាត់តាមក្រុងធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។

ក្នុងឆ្នាំ២០១៤ ព្រែកជីកនេះ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។
ការពិតទៅផ្នែកដំបូងបង្អស់នៃព្រែកជីកនេះ ត្រូវបានសង់ឡើងនៅស.វទី៥ មុនគ.សមកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានរាជវង្សស៊ួយ ដែលមានអាយុកាលខ្លី ៣៧ឆ្នាំ (ពីឆ្នាំ៥៨១ ដល់ឆ្នាំ៦១៨ នៃគ.ស) ជីកភ្ជាប់បញ្ចូលគ្នាក្លាយជាព្រែកជីកតែមួយ និងពង្រីកកាន់តែធំ។
យ៉ាងណាមិញ ទម្រាំបញ្ចប់ការសាងសង់ព្រែកជីកនេះ រាជវង្សស៊ួយ បានចំណាយទ្រព្យធនធានអស់យ៉ាងច្រើនបំផុត ជាពិសេសមានមនុស្សស្លាប់ប្រហែលជាង ១លាននាក់ឯណោះ ដោយសារធ្វើការខ្លាំងពេក និងអត់ឃ្លាន។ មូលហេតុនេះហើយ ដែលធ្វើឱ្យរាជវង្សស៊ួយ កាន់តែចុះខ្សោយ និងមានអាយុកាលខ្លី ជាពិសេសគឺមានការងើបបះបោរទូទាំងនគរ។

មហាព្រែកជីកនេះ ត្រូវបានប្រើប្រាស់ធ្វើជាការដឹក ជញ្ជូនតាមផ្លូវទឹកយ៉ាងសំខាន់ ហើយក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមផងដែរ សម្រាប់ប្រទេសចិន ។
សូមជម្រាបដែរថា បន្ទាប់ពីព្រែកជីកខាងលើនេះ ព្រែកជីកដែលវែងជាងគេលំដាប់ទី២ គឺ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕
