រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់ ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់ ប្រទូស្តញាតិព្រៀងលាន គេពុំចូលចិត្តឡើយ។ សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើទៀតសោតធ្លុះធ្លាយ ដ្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែង ចេញតាមប្រហោងនោះទៅ។ លុះជញ្ជាត់យូរៗ ក៏ទៅជិតដល់សំពៅធំមួយ នាយភេត្រានឹងភរិយាមើលពីលើសំពៅមកឃើញកញ្ជើធ្លុះ ប្រពន្ធនាយភេត្រាលន់មាត់ថា “នាងអ្នកជាប្រពន្ធម្តេចមិនយកអ្វីចុកកុំឱ្យត្រីលេច” ឮដូច្នោះ នាយភេត្រាក្រោធខឹង ហើយដេញនាងឱ្យចុះទៅនៅជាមួយមាណពនោះ ឯនាយភេត្រាម្ចាស់សំពៅ ដូរយកប្រពន្ធមាណពដែលជាស្រីខាតលក្ខណ៍។ នាងជាប្រពន្ធថ្មីរបស់មាណពនោះ ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុក កុំឱ្យលេចរួចត្រីដែលជញ្ជាត់បាន រួចដើរតាមមាណពរហូតទៅ។ ពេលត្រឡប់មកផ្ទះវិញ នាងចាត់ចែងឱ្យប្តីជាមាណពកម្សត់យកត្រីទៅជូនញាតិព្រៀងលាន។ អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា ព្រោះចៅមាណព និងប្រពន្ធពុំដែលមានចិត្តសប្បុរសឡើយ។ លុះពួកគេទៅលេងផ្ទះមាណព ទើបដឹងថាមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយ មាណពចូលទៅក្នុងព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញថា ឈើនោះសុទ្ធតែឈើមានតម្លៃ នាងជាប្រពន្ធឱ្យប្តីទៅកាប់ចងបាច់ឱ្យបានច្រើន ហើយជួលរទេះអ្នកជិតខាងឱ្យដឹកមកគរទុក។ ពេលអ្នកដើរសំពៅរកទិញ នាងក៏លក់បានសម្បត្តិជាច្រើន ហើយរៀបចំធ្វើផ្ទះយ៉ាងធំ និងមានជួលខ្ញុំបម្រើផង។
ចំណុចដូចរៀបរាប់ខាងលើ បង្រៀនយើងឱ្យចេះរៀបចំទុកដាក់ និងថែរក្សារបស់ទ្រព្យដែលរកបាន នោះទើបធ្វើឱ្យជីវិត និងគ្រួសាររីកចម្រើន មានបាន។ បន្ថែមពីនោះ ក្នុងរឿងមាយើងដដែលក៏បានបង្ហាញពី ការប្រាស្រ័យទាក់ទងអ្នកមានមុខមាត់ មន្ត្រីរាជការ ទើបការរស់នៅកាន់តែមានភាពរីកចម្រើន និងរឹងមាំ។ តួយ៉ាងក្នុងរឿងបន្តថា…
ឯប្តីនោះក៏បានស្គាល់ចៅដៃ ចៅព្រះ ចៅឃ្លាំង ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តីថា នាងចង់ឱ្យប្តីនាងរៀនរត់ឱ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏ធ្វើតាម ហើយក៏រត់រហូតទល់តែលែងហត់។ ប្រពន្ធឃើញថាប្តីខ្លួនបានរត់បានលឿន មានកម្លាំងបរបូរណ៌ហើយ ក៏នាំទៅជួបមន្ត្រី ដើម្បីឱ្យប្តីបានទៅបម្រើព្រះមានក្សត្រ។ នាកាលថ្ងៃមួយ ព្រះមហាក្សត្រទ្រង់យាងទៅប្រពាតព្រៃស។ ចៅមាណពក៏ប្រាប់ប្រពន្ធរៀបចំ អាហារដើម្បីចូលរួមដង្ហែរព្រះរាជា។ ឯនាងប្រពន្ធក៏រៀបចំឱ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមាហាក្សត្រ នាងគិតថា ព្រះមាហាក្សត្រនឹងឃ្លាតពីមន្រ្តីទាំងឡាយ មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ ដោយសេចក្ដីពេញចិត្តពីការបម្រើ នៃមាណព ព្រះមហាក្សត្រទ្រង់សន្មតឱ្យនាមថា “ចៅមាយើង”។ លុះថ្ងៃពេលទ្រង់ឃ្លានក្រយា ចៅមាយើងក៏ទូលទៅថា មានក្រយាសម្រាប់ព្រះអង្គទ្រង់សោយ។ ក្រោយទ្រង់សោយដោយពេញព្រះទ័យហើយ ទ្រង់ក៏ផ្ទុំលើភ្លៅមាយើង ទ្រង់ថានឹងនិទានរឿងឱ្យចៅមាយើងស្តាប់ ពុំទាន់នឹងនិទានផងព្រះអង្គក៏ផ្ទុំលក់បាត់ទៅ។ ទាំងនេះបង្ហាញពីទំនាក់ទំនងល្អ ចេះយកអាសារ ស្រឡាញ់ពេញចិត្តរវាងអ្នកដឹកនាំគ្រប់គ្រង និងប្រជានុរាស្ត្រខ្លួន។
បន្ថែមពីការមានទំនាក់ទំនង មនុស្ស ពិសេសអ្នកដឹកនាំក៏ត្រូវប្រកាន់យកពាក្យសច្ចផងដែរ។ ផ្ទៃរឿងបន្តថា កាលនោះមានទេវតារក្សាដើមជ្រៃ ឮថាស្តេចទ្រង់និទានរឿងឱ្យមាយើងស្តាប់ ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាលង់លក់ ទេវក៏ក្រោធខឹងនិងសេ្តចព្រហ្មទត្ត ថាមុសាវាត ពុំកាន់ពាក្យសត្យ។ ក៏គិតគ្នាថា នឹងកាច់មែកជ្រៃទម្លាក់សង្កត់ ស្តេចឱ្យបង់ព្រះជន្មជីវី បើពុំបានពេលនេះទេ ស្តេចយាងទៅដល់បុរី និងកាច់ក្លោងទ្វារសង្កត់ឱ្យក្ស័យ បើឆ្លងផុតទៀត ពេលយប់និងកាឡាជាសត្វពស់ ទៅចឹករហូតដល់ក្រឡាព្រះបន្ទំ។ ឮដូច្នោះចៅមាយើងក៏ដាស់ស្តេច ហើយក៏បាននាំព្រះអង្គឆ្លងផុតដំណាក់កាលទាំងបី ដំណាក់កាលចុងក្រោយនេះ ពេលដែលសម្លាប់ពស់ ឈាមពស់ខ្ទាត់ទៅប្រឡាក់ដល់ព្រះថនាព្រះទេពី។ ចៅមាយើង គិតថា បើដាស់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃជូតពុំជា រួចហើយក៏យកខ្មោចពស់ទៅដាក់ក្រោមក្រឡាបន្ទំ ហើយលិឍឈាមដែលប្រឡាក់សុដន់ក្សត្រី។ ព្រះទេពីក៏ភ្ញាក់ឡើង ដាស់ព្រះភូមីហើយបា្រប់ថា ចៅមាយើងយកអណ្តាតមកលិឍដោះរបស់ខ្លួន។ ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះហើយ ក៏ក្រេវក្រោធពេកក្រៃ មិនបានជាគិតវែងឆ្ងាយក៏បញ្ជាឱ្យពេជ្ឈឃាត ចាប់ចៅមាយើងយកទៅប្រហាជីវិតទាំងយប់។
ចំណុចខាងលើបង្ហាញច្បាស់ថា ការមិនគោរពពាក្យសន្យានឹងនាំគ្រោះដល់ខ្លួន ហើយក៏បង្ហាញយ៉ាងច្បាស់ថា “អ្នកធំប្រៀបដូចជាភ្លើង នៅឆ្ងាយរងា ទៅជិតពេកក្ដៅរលាក” ។ ប៉ុន្តែពាក្យសច្ចៈនៅតែមានអានុភាពចំពោះអ្នកគោរព ពិសេសអ្នកកាន់ច្បាប់ ដូចសាច់រឿងនេះស្រាប់ថា ដោយមានការរារាំង ពីឆ្មាំទ្វារទាំងបួនទិស ព្រោះថា ច្បាប់នគរមិនអាចយកមនុស្សទៅ ប្រហារជីវិតទាំងថ្ងៃមិនទាន់រះបានទេ ឆ្មាំទ្វារនីមួយៗក៏បានពន្យល់ប្រាប់ ហេតុផលជាច្រើន ដល់ពេជ្ឈឃាត ដើម្បីឱ្យកុំឱ្យពេជ្ឈឃាតប្រហារជីវិត ចៅមាយើងហើយធ្វើឱ្យស្តេច ទ្រង់សោយស្តាយជាក្រោយ។ និយាយពីស្តេចព្រហ្មទត្តវិញ កាលដែលតើនឡើង ហើយពិចារណាលើហេតុផលសព្វគ្រប់ ឃើញថា ចៅមាយើងមានគុណ លើព្រះអង្គក្រាស់ក្រៃ ទ្រង់ត្រាស់បញ្ជាឱ្យអាមាត្យ រត់ទៅតាមពេជ្ឈឃាតនោះ ហើយក៏បានទៅទាន់ដំណើរពេជ្ឈឃាត នៅទ្វារទិសឧត្តរដែលជាទ្វារចុងក្រោយ ហើយក៏នាំចៅមាហើយត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តតា្រស់សួរ ចៅមាយើង ហើយបានដឹងរឿងរ៉ាវសព្វគ្រប់ទាំងអស់។ ស្តេចព្រហ្មទត្តបានសុំខមាទោសចៅមាយើង ហើយទ្រង់សូមឱ្យចៅមា យើងកុំខឹងនឹងព្រះអង្គ ដោយព្រះអង្គបានប្រទានសក្ដិយស ដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងបានវិលមករស់នៅ ជាមួយនឹងភរិយាយ៉ាងសុខសាន្ត។
តាមសេចក្ដីនៃចំណុចនេះបញ្ជាក់ពីការគោរពពាក្យសច្ចៈ និងការឱ្យតម្លៃលើច្បាប់ ពិតជាបាននាំមកនូវសេចក្ដីសុខយ៉ាងពិតប្រាកដ។
ថ្លែងពីនាយសំពៅ កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធ ជាស្រីខាតលក្ខណ៍ មិនជួយធ្វើការរកស៊ីអ្វីសោះ គិតតែពីចាយវាយពេល ដែលកូនជុះអាចម៍ ជុះនោមនាង មិនយកទៅលាងទេ នាងតែងតែហែកហូលព្រែថ្មីៗជូតហើយ ក៏បោះចោលគ្មានស្តាយស្រណោះ មាសប្រាក់ធ្លាប់ មានក៏ត្រូវរលាយសាបសូន្យអស់ រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួនទាំងពីនាក់ប្តីប្រពន្ធ បានដើរពរ កូនសុំទានគេ។ ដើរសុំយូរៗ ទៅក៏បានទៅដល់ផ្ទះចៅមាយើង នាងភរិយាចៅមាយើងឃើញហើយ ក៏ហៅឱ្យទានដូចសព្វមួយដង ហើយស្គាល់ជាក់ថាជាអតីតប្តីរបស់ខ្លួន ធ្លាប់ជានាយសំពៅ ហេតុម្តេចចុះឥឡូវក៏សុំទានគេទៅវិញ។ ចំណែកបុរសជាអតីតស្វាមីឃើញដូចនោះអៀនខ្មាស ក៏នាំប្រពន្ធកូនគេចទៅឆ្ងាយបាត់ទៅ។
ដូចសេចក្ដីនៃរឿង ខាងលើបង្ហាញថា ទោះបីជាយើងរកស៊ីមានបានយ៉ាងណាក្ដី ប្រសិនបើយើងមិនចេះថែរក្សា សន្សំសំចៃទេ នោះទ្រព្យសម្បត្តិ ដែលរកបាននឹងរលាយជាក់ជាមិនខាន៕
ដោយ៖ ហ៊ួន ស៊ីឡូន