ខេត្តកំពង់ស្ពឺ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការ ស្នាមញញឹម នៃកុមារ (PSE) ដាំកូនឈើ ៧០០ ដើមក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ គំនិតផ្តួចផ្តើមនេះជាផ្នែកមួយ នៃការគាំពារបរិស្ថាន របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស គឺជាការប្តេជ្ញាចិត្តក្នុងការគាំទ្រ ដល់គោលដៅ និរន្តរភាព បរិស្ថាន របស់ប្រទេសកម្ពុជា និងស្របតាម ទស្សនវិស័យ របស់ក្រសួងបរិស្ថានដើម្បីសម្រេចឲ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ។

កម្មវិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើង នៅសាលាបឋម សិក្សាល្ងឹមដែលស្រប និងគាំទ្រដល់ព្រះរាជបន្ទូល របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីក្នុងអំឡុង ពេលរុក្ខទិវា ដែលមានព្រះរាជបន្ទូល បញ្ជាក់អំពីសារសំខាន់នៃការសាមគ្គីគ្នាដាំកូនឈើ និងតួនាទីរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារព្រៃឈើរបស់ជាតិ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ។
មានមតិអំពីគំនិតផ្តួចផ្តើម ដាំកូនឈើ លោក Pern Chen នាយកគ្រប់ គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍ រក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បង្កើនភាពបៃតង និងលើកស្ទួយសុខុមាលភាពសម្រាប់ក្មេងៗជំនាន់ក្រោយ ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដាំកូនឈើ និងផ្សារភ្ជាប់ ជាមួយសហគមន៍ យើងជួយទប់ស្កាត់ការ ប្រែប្រួល នៃអាកាសធាតុក្នុងប្រទេសសកម្ពុជា និងគាំទ្រដល់ ទស្សនវិស័យ របស់ជាតិក្នុងការសម្រេច ឱ្យបាននូវគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០” ។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ២០០ នាក់រួមទាំងអភិបាលរង ស្រុកឱរ៉ាល់ ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ បុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូមកពីអង្គការ PSE និងសាលាបឋមសិក្សាល្ងឹមនិង ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ កម្មវិធីដែលដឹកនាំដោយសិស្សានុសិស្សមកពីអង្គការ PSE និងគាំទ្រដោយបុគ្គលិក ណាហ្គាវើលដ៍នេះ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ណាហ្គាវើលដ៍បេះដូង សប្បុរសក្នុងការលើកស្ទួយ សិស្សឱ្យជួយការពារបរិស្ថានផងដែរ ។

អ្នកស្រី រដ្ឋា សុផារី អ្នកគ្រប់គ្រង បរិស្ថាន នៃកម្មវិធីអប់រំបរិស្ថាន របស់អង្គការ PSE បានឱ្យដឹងថា “កម្មវិធីនៅថ្ងៃនេះ ក៏ជាវេទិកា ដែលគាំទ្រដល់ភាពអ្នកដឹកនាំ និងការគាំពារបរិស្ថានផងដែរ ។ ដោយមានការណែនាំ និងគាំទ្រពីណាហ្គាវើលដ៍ បេះដូងសប្បុរស សិស្សានុសិស្ស ៣៤ នាក់មកពីក្លឹបសិក្សា បរិស្ថានរបស់អង្គការយើង ត្រូវបានផ្តល់ឱកាសក្លាយ ជាពិធីករ-ពិធីការិនី អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួលកម្មវិធី ។ ពួកយើងមិនត្រឹមតែដាំកូន ឈើប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបង្កើតការផ្លាស់ ប្តូរវិជ្ជមានទៅលើអ្នកពាក់ព័ន្ធ និងបរិស្ថានទៀតផង” ។
ដើមឈើដែលត្រូវបានដាំថ្មីៗ មិនត្រឹមតែ ពង្រីកទីតាំងបៃតង និងម្លប់ដ៏ត្រជាក់ នៅក្នុងបរិវេណ សាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះ នូវគុណតម្លៃបរិស្ថានដល់សិស្សានុសិស្សក្មេងៗផងដែរ ខណៈពួកគេប្តេជ្ញាជួយថែរក្សា និងការពារកូនឈើទាំងនោះឱ្យដុះលូតលាស់បានល្អ។

បញ្ជាក់អំពីការថ្លែងអំណរគុណ លោកស្រី ផល ចន្ធី អភិបាលរង ស្រុកឱរ៉ាល់ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ PSE ដែលបានជ្រើសរើសស្រុកឱរ៉ាល់ជាទីតាំងសម្រាប់ដាំកូនឈើ។ កូនឈើ ៧០០ ដើមដែលបាន ដាំនៅសាលាបឋមសិក្សាល្ងឹម មិនត្រឹមតែ ធ្វើឱ្យសាលារៀន ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន ក្នុងចំណោមសិស្សានុសិស្សផងដែរ។ វាមានសារសំខាន់ណាស់ សម្រាប់ក្មេងៗ ជំនាន់ក្រោយក្នុងការអនុវត្តវប្បធម៌ដាំកូន ឈើដើម្បីធានាបាន នូវអនាគតប្រកបដោយនិរន្តរភាព” ។
គួរដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីបុគ្គលិក និងសហគមន៍ឱ្យចូលរួមការពារបរិស្ថាន យ៉ាងសកម្ម ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ឥទ្ធិពល វិជ្ជមាន ដល់ប្រជាពលរដ្ឋប្រមាណ ៤៤.០០០ នាក់តាមរយៈសកម្មភាពចំនួន ១៥០ ដែលបានផ្តល់ ប្រយោជន៍យ៉ាង ច្រើនដល់បរិស្ថាន និងសង្គម៕
