មិនថាអ្នកខេត្តកំពង់ឆ្នាំងរឺក៏មកពីបណ្តាខេត្តផ្សេងៗនោះទេឲ្យតែមានជំនឿលើបារមី របស់លោកយាយទេព គឺតែងតែមកអុជធូប បួងសួង សុំសេចក្ដីសុខបន់ស្រន់សុំឲ្យសម្រេចភាពជោគជ័យលើអាជីវកម្ម ឬកិច្ចការងារផ្សេងៗតាមការប៉ង់ប្រាថ្នា មិនដែលដាច់នោះឡើយ ។ វត្តយាយទេព នៅផ្សារក្រោមមានចេស្តាបារមីស័ក្តិសិទ្ធិក្នុងទឹកដីខេត្តកំពង់ឆ្នាំងបន់អ្វីក៏បានដូចបំណង រហូតមកដល់ពេលនេះវត្តនេះមានអាយុកាលជាង៣០០ឆ្នាំហើយ ។ ចាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ វត្តលោកយាយទេព នៅតែមានភាពល្បីល្បាញខាងជំនឿដដែល ។

តាមឯកសារចងក្រងដោយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តពង់ឆ្នាំង បានឱ្យដឹងថា លោកយាយទេព បានបរិច្ចាគដីទំហំប្រមាណជា ៥ ហិកតាកន្លះនៅចំចំណុចទីអារាមយាយទេពសព្វថ្ងៃដែលទីទួលមួយដែលកាលពីមុនជាទីលំនៅរបស់លោកយាយទេព។ នៅលើទីទួលមានដើមពោធិ៍មួយដើមធំ និងព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាចប្រៀបដូចសមុទ្រនៃបឹងទន្លេសាប។ លោកយាយក៏បានផ្តួចផ្តើមគំនិតដើរកៀរគរអ្នកស្រុកឲ្យគេមកជួយកសាងព្រះពន្លាធ្វើជាទីសក្ការបូជាតាមផ្លូវព្រះពុទ្ធសាសនាតទៅ។ ប៉ុន្តែក្រោយមកទៀតទីនេះក៏ក្លាយជាទីអារាមមួយយ៉ាងល្អ ដោយស្មារតីលះបង់ដ៏ធំធេងក្នុងចិត្តជ្រះថ្លារបស់លោកយាយទេពលើផ្លូវព្រះពុទ្ធសាសនារួចអ្នកស្រុកក៏បានឯកភាពគ្នាដាក់ឈ្មោះវត្តនេះទៅជា «វត្តទេពធីតារាម» ហៅថា «វត្តយាយទេព» តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។

សេចក្តីជ្រះថ្លារបស់លោកយាយទេព ពោលគឺក្រោយពេលគាត់ធ្វើមរណកាលទៅអ្នកស្រុកក្នុងតំបន់នេះបាននិយាយតៗគ្នាថាព្រលឹងលោកយាយទេព បានមកសណ្ឋិតនៅនឹងដើមពោធិ៍ហើយមានចេស្តាបារមីស័ក្តិសិទ្ធិធ្វើឲ្យអ្នកស្រុកមានជំនឿគោរពបូជារៀងរហូតមក។ ទន្ទឹមនេះ ក៏មានកវីនិពន្ធបានចារជាទំនុកបទច្រៀង ទាក់ទងនឹងបារមីលោកយាយទេពថែមទៀតផងដូចជាបទ «ចំប៉ាផ្សារលើ» ដែលច្រៀងរៀបរាយដោយអធិរាជសំឡេងមាស លោកស៊ីន-ស៊ីសាមុតជាដើម។ ត្រង់វគ្គ “ឱ!លោកយាយទេព នៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រីឲ្យបាន មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញំបាន ខ្ញុំថ្វាយភ្លេងការ”។

វត្តទេពធិតារាម ហៅវត្តយាយទេពនេះ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សង់នៅលើផ្ទៃដី ទំហំ២ហិកតា១៤អា។ នៅបរិវេណវត្តលោកយាយទេព គេសង្កេតឃើញមានមនុស្សម្នាចេញចូលឥតដាច់ ដែលអ្នកខ្លះ បានទៅបូងសួងសុំឱ្យ លោកយាយទេពជួយ អ្នកខ្លះទៅលាបំណន់ និង អ្នកខ្លះបាននាំគ្នាចូលទស្សនាវត្តលោកយាយទេពដើម្បីឱ្យមើលឃើញ ច្បាស់លាស់នូវទីអារាម ដែលមានឈ្មោះល្បីល្បាញមួយនេះ។

ប្រជាជនក្មេង ចាស់ ប្រុស ស្រីមិនថាតែអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងនោះទេ សូម្បីតែអ្នករស់នៅក្នុងក្រុងភ្នំពេញ ឬ អ្នក រស់នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះសុទ្ធតែបានដឹង និង ល្បីតៗគ្នា ពីព្រះនាមរបស់លោកយាយទេពតាំងពីយូរលង់ ណាស់មកហើយ ។ ចំពោះអ្នករស់នៅក្បែរៗនោះ ក៏ដូចជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ពេលណាមានទុក្ខភ័យ អ្វីមួយបាននាំគ្នាមករកការបន់ស្រន់សុំឱ្យលោយាយទេពជួយ ។ រីឯអ្នកដំណើរវិញនៅពេលឆ្លងកាត់វត្តយាយទេពសុទ្ធតែចូរ ទៅអុជធូបថ្វាយបង្គំសុំសេចក្ដីសុខពីលោកយាយទេពគ្រប់គ្នា៕ប្រភព៖http://sabay



